Category Archives: ចំណេះដឹង​ផ្សេងៗ

លោក​សាស្ត្រាចារ្យ សឺដែស

អំពី​បាឋកថា

របស់​លោក​សាស្ត្រាចារ្យ សឺដែស

បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​ដំបន់​នគរ​ធំ ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ នឹង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ ។ ការ​ស្រាវជ្រាវ​របស់​លោក​ក្នុង​សម័យ​ក្រោយ អាច​ឲ្យ​យល់​ភ្លឺ​បាន​អំពី​ប្រាសាទ​នេះ ។ ប្រាសាទ​បាយ័ន តាំង​នៅ​ចំ​កណ្ដាល​ក្រុង លើ​ខ្សែ​បន្ទាត់ ជួប​ដែល​ដឹក​ខ្វែង​ពី​ជ្រុង ១ ទៅ​ជញរុង ១ តាំង​ពីដើម​មក​ទល់​នឹង​ឆ្នាំ ១៩០៨ តាម​ផែនទី​ដែឡ​គេ​បាន​គូរ​ក្នុង​គ្រា​មុន ៗ ឃើញ​ដូចជា​ប្រាសាទ​បាយ័ន​ជ្រុល​ទៅ​ខាង​កើត​បន្តិច ហើយ​ដែល​នៅ​ចំ​កណ្ដាល​នោះ គឺ​ប្រាសាទ​បាពួន​ឬ​ពិមាន​អាកាស​វិញ សេចក្ដី​ភាន់​ច្រឡំ​បន្តិច​នេះ មក​អំពី​កាល​ជាន់​ដើម ព្រៃ​ស្បាត​ខ្លាំង​ណាស់ ហើយ​អស់លោក​ដែល​វាស់​គូរ​ផែនទី ច្រើន​តែ​ចំឡង​ត ៗ គ្នា​មក ។ ដល់​មក​ក្នុង​ឆ្នាំ ១៩០៧, អាស្រ័យ​ដោយ​ការ​វាស់វែង​ជា​ថ្មី ទើប​ឃើញ​ច្បាស់​ឡើង​ថា ប្រាសាទ​បាយ័ន​ពិត​ជា​តាំង​នៅ​ចំ​កណ្ដាល​ក្រុង​ឥតល្អៀង មាន​ភាព​ទំនង​ស័ក្ដិសម​ជា​ប្រាសាទ​កណ្ដាល ហើយ​ប្រកប​គ្នា​នឹង​ក្លោង​ទ្វារ​ធំ​នៅ​កំពែង​ក្រៅ ដែល​រចនា​ជា​មុខ​មនុស្ស​ដូចគ្នា ។ ការ​ដែល​សង្កេត​ឃើញ​នូវ​ហេតុ​ភេទ​ជា​ទីតាំង​នៃ​គំនិត​របស់​អ្នក​សាង​ប្រាសាទ ​ជាន់​ដើម​ក្នុង​នគរ​ផ្សេង ៗ នា​ចុង​បូព៌ា​ប្រទេស នាំ​ឲ្យ​វិនិច្ឆ័យ​បាន អំពី​ប្រាសាទ​ដែល​តាំង​នៅ​ជា​កណ្ដាល​ទីក្រុង​នេះ ។
ក្នុង​គំនិត​របស់​អ្នក​ស្រុក​នៅ​ចុង​បូព៌ា​ប្រទេស មាន​ស្រុក​ដែល​កាន់​ស៊ីវិល័យ​តាម​ឥណ្ឌៀ​ជាដើម ដូច​យ៉ាង​ស្រុក​ខ្មែរ​នេះ ទីក្រុង​របស់​ស្ដេច​ដែល​ហៅថា​នគរ​ឬ​បុរី​នោះ មិនមែន​គ្រាន់​តែ​ជា​ទី​ប្រជុំ​ជន មាន​ផ្សារផ្សោ​នឹង​មាន​ទី​រាជការ​ដូចជា​ទី​ក្រុង​ក្នុង​មជ្ឈិម​ប្រទេស​ឡើយ ។ គឺ​ទីក្រុង​នេះ​ឯង​ធ្វើ​ដំណាង​លោក​ទាំងមូល ដោយ​បង្រួម​ឲ្យ​តូច​ចុះ ។ នៅ​ថ្ងៃ​ដែល​រាជាភិសេក, ព្រះ​មហាក្សត្រិយ៍ តាំង​យាង​ប្រទក្ខិណ​ព្រះ​នគរ​តាម​លំអាន​ស្ដេច​ចក្រពត្រាធិរាជ ដែល​លោក​យាង​ប្រទក្សិណ​ជុំវិញ​ត្រើយ​សមុទ្រ​ដូច្នោះ ។ កំពែង​ជុំវិញ​ព្រះ​នគរ​ទុក​ដូចជា​ជួរ​ភ្នំ​ចក្រវាឡ​ដែល​អោប​លោក​ទាំងមូល, គូ ឬ កសិណ​ជុំវិញ ទុក​ដូចជា​មហា​សមុទ្រ​ដែល​ព័ទ្ធ​ជុំ​វិញ​លោក, សេចក្ដី​ទាំងនេះ​សុទ្ធ​តែ​មាន​សំដែង​ក្នុង​កាព្យ​ឃ្លោង ឬ​ក្នុង​ចារិក​ជា​ភាសា​សំស្ក្រឹត​ដែល​ពួក​បណ្ឌិត​អ្នក​ប្រាជ្ញ​បាន​តែង​ទុក​ ក្នុង​គ្រា​ដើម ។
បើ​ទីក្រុង​ធ្វើ​ដំណាង​លោក​ទាំងមូល​ដូច្នេះ​ហើយ រី​ប្រាសាទ​ដែល​តាំង​នៅ​កណ្ដាល​ក្រុង ក៏​មិនមែន​ដំណាង​អ្វី​ក្រៅ​អំពី​ភ្នំ​ព្រះ​សុមេរុរាជ​ដែរ ។ មាន​ប្រាសាទ​ឯ​ទៀត​ដូច​យ៉ាង​ប្រាសាទ​បាពួន​ដែល​ព្រះ​បាទ​ឧទយាទិត្យ​វរម័ន​ទី ២ សាង​កាល​រវាង​ឆ្នាំ ១១០០ ក៏​ជា​តំណាង​ភ្នំ​មេរុរាជ​ដូចគ្នា ។ សិលា​ចារិក​មាន​សំដែង​អំពី​ការ​កសាង​ទេវស្ថាន​ផ្សេង ៗ ដែល​ហៅថា ព្រះ​ភ្នំ ឬ​ភ្នំ​កណ្ដាល ។
ការ​ដែល​ដាក់​ប្រាសាទ​ទៅ​ជា​ភ្នំសម​គ្នា​នឹង​ជំនឿ របស​់ខ្មែរ​ជាន់​ដើម​ដែល​មាន​សេចក្ដី​ជឿ​ដូច​គ្នា​នឹង​សាសន៍​ហិណ្ឌូ ចំពោះ​ដល់​ការ​កសាង​ប្រាសាទ​ផ្សេង ៗ សម្រាប់​សាសនា ។ ប្រាសាទ​ខ្មែរ​ជាន់​ដើម​នីមួយ ៗ មិន​ជា​ទី​ប្រជុំ​ធ្វើ​សង្ឃកម្ម ឬ​ទី​ប្រជុំ​ស្ដាប់​ធម៌​ទេសនា ដូចជា​ព្រះ​វិហារ​សព្វ​ថ្ងៃ​នេះ​ទេ គឺ​សុទ្ធ​តែ​ជា​លំនៅ​ទេវតា ដែល​ហៅថា ទេវាល័យ ជា​វិមាន​អណ្ដែត ឬ​ក៏​ជា​កំពូល​ភ្នំ​ហិមាល័យ ដែល​ទេវតា​ចូល​ចិត្ត​នៅ ឯ​ព្រះ​រូប​ដែល​តាំង​នៅ​ក្នុង​ប្រាសាទ​ទាំងនេះ ជា​រូប​ព្រះ​មហា​ក្សត្រិយ៍ ឬ​ព្រះ​អង្គ​ម្ចាស់​ណា ១ អង្គ​ដែល​ទិវង្គត​ទៅ ហើយ​ដែល​គេ​ដំឡើង​ព្រះ​យស​ទៅ​ជា​ទេវតា​ផ្សេង ៗ ។
ឃើញ​ថា ប្រាសាទ​ដែល​តាំង​នៅ​ចំ​កណ្ដាល​ក្រុង ជា​តួ​តំណាង​ភ្នំ​ព្រះ​សុមេរុរាជ បាន​ជា​គេ​ច្រើន​ធ្វើ​រាងរៅ​ដូច​ចេតិយ មាន​កំពូល ៥ ព្រោះ​ភ្នំ​មេរុរាជ មាន​កំពូល ៥ ដូច្នោះ​ដែរ មាន​ប្រាសាទ​បាខែង​នឹង​បាពួន​ជាដើម ដែល​ជា​ប្រាសាទ​កណ្ដាល​ត ៗ គ្នា ។ បែប​រចនា​នេះ​ក៏​ត្រាប់​តាម​ត ៗ មក ក្នុង​ការ​កសាង​ប្រាសាទ​គ្រប់​យ៉ាង ទោះ​សម្រាប់​សាសនា​ក្ដី សម្រាប់​ថ្វាយ​ព្រះ​ភ្លើង ឬ​សម្រាប់​កិច្ច​ឯ​ទៀត​ក្ដី ដូច​យ៉ាង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត, ប្រែ​រូប, តាកែវ, នគរវត្ត ជាដើម ។
យើង​បាន​ដឹង​តាម​សិលា​ចារិក​ផ្សេង ៗ ថា ប្រាសាទ​កណ្ដាល​គេ​សាង​ឧទ្ទិស​ដល់​ព្រះ​ទេវរាជ ដែឡ​ជា​ព្រះ​ធំ​បំផុត សម្រាប់​គោរព​បូជា​ក្នុង​សម័យ​អង្គរ ។
ក្នុង​ស្រុក​ដែល​កាន់​ស៊ីវិល័យ​ឥណ្ឌៀ​ទាំង​ប៉ុន្មាន គឺ​ស្រុក​ខ្មែរ ស្រុក​ចម្ប៉ា ស្រុក​ជ្វា នឹង​ស្រុក​បាលី សុទ្ធ​តែ​គោរព្ធ​បូជា​សាសនា​ព្រាហ្មណ៍ មាន​សាសនា​ព្រះ​ឥសូរ​ជាដើម ។ រាជសារ​របស់​ស្ដេច តាំង​នៅ​ក្នុង​លិង្គ ដែល​ជា​តួ​យ៉ាង​នៃ​មហិទ្ធិរិទ្ធិ៍​បង្កើត​មនុស្ស​លោក​នៃ​ព្រះ​ឥសូរ លិង្គ​នេះ​ហើយ​ដែល​ហៅ​ថា ព្រះ​ទេវរាជ ជា​លក្ខណ៍​របស់​នគរ ដែល​ព្រះ​ឥសូរ​ទ្រង់​ប្រទាន​ផ្ទាល់​មក​ព្រាហ្មណ៍​ម្នាក់ ដើម្បី​ថ្វាយ​ដល់​មហា​ក្សត្រ​ដែល​តាំង​រាជវង្ស ។ ក្នុង​ស្រុក​ខ្មែរ កិច្ច​នេះ​បាន​ធ្វើ​លើ​ភ្នំ មហេន្ទ្រគិរី គឺ​ភ្នំ​គូលែន ហើយ​តាំង​ពី​សម័យ​នោះ​ត​មក​លិង្គ​របស់​ស្ដេច ត្រូវ​តែ​ដំកល់​លើ​ប្រាសាទ​ដែល​តាំង​នៅ​ជា​កណ្ដាល​ទីក្រុង ។ ដើម្បី​នឹង​ផ្សាយ​ឫទ្ធានុភាព​របស់​ស្ដេច​ទៅ​គ្រប់​ទិស​ទាំង ៤ ទើប​គេ​សាង​ក្លោង​ទ្វារ​ទាំង ៤ ឲ្យ​មាន​បែប​ភាព​ដូច​គ្នា​នឹង​ប្រាសាទ​កណ្ដាល ដោយ​បង្រួម​ឲ្យ​តូច​ចុះ​មក​ទៀត ។
ស្ពាន​ឆ្លង​ឬ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​នីមួយ ៗ ច្រើន​ធ្វើ​ជា​រូម​នាគ រូប​នាគ​នេះ គឺ​ដំណាង​ឥន្ទធ្នូ ព្រោះ​ជំនឿ​ក្នុង​ស្រុក​ឥណ្ឌៀ​ថា ឥន្ទធ្នូ​ជា​ស្ពាន​ឆ្លង​ពី​មនុស្ស​លោក​ទៅ​ឋាន​សួគ៌ – ត​ក្រោយ​មក​បែប​រចនា​នេះ​គ្រាន់​តែ​ជា​ការ​លំអរ​ទៅ​វិញ ប៉ុន្តែ​ដែល​បន្ថែម​រូប​យក្ស​ម្ខាង ទេវតា​ម្ខាង​ទ្រ​នាគ នោះ​ច្បាស់​ជា​អ្នក​សាង​នគរ​ធំ​ចង់​រំលឹក​ដល់​ត្រង់​រឿង​កូរ​សមុទ្រ​ទឹក​ដោះ ដើម្បី​យក​ទឹក​អម្រិត ដែល​ផឹក​ទៅ​លែង​ស្លាប់ ។
ដែល​ធ្វើ​ជា​រឿង​ត្រង់​កូរ​សមុទ្រ​ទឹកដោះ ដាក់​ពី​មុខ​ក្លោង​ទ្វារ​ដូច្នេះ គឺ​ព្រះ​ជ័យវរម័ន​ទី ៧ លោក​សន្មត​នគរ​លោក​ជា​វិមាន​ទិព្វ ព្រោះ​ប្រាសាទ​កណ្ដាល​តាំង​ជា​ភ្នំ​មេរុរាជ ហើយ​គូរ​ជុំ​វិញ​ជា​មហា​សមុទ្រ ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​នគរ​សម្បូណ៌​ដោយ​សម្បត្តិ​នឹង​ប្រកប​ដោយ​ជ័យជំនះ ។ ព្រះ​ជ័យវរម័ន​ទ្រង់​ភ្ជាប់​ព្រះ​នាម​លោក​ទៅ​នឹង​កំផែង​នគរ ហៅថា ជយគិរី ហើយ​ភ្ជាប់​ទៅ​នឹង​កសិណ ហៅថា ជយសន្ធុ ។
ប្រាសាទ​បាយ័ន​នេះ បាន​ពិនិត្យ​ទៅ​ឃើញ​ថា សង់​មិន​ត្រូវ​តាម​គំរូ​ហាត់​ដោរ​ដែល​បាន​គូរ​ទុក ឃើញ​មាន​ការ​កែប្រែ​ថែមថយ​ជា​ច្រើន ក្នុង​ពេល​កំពុង​កសាង ។ តាម​បែប​ភាព​ដែល​សង្កេត​ទៅ​ឃើញ​ដូចជា​គំនរ​ថ្ម​ក​បន្តុប​ច្រើន​ពេក ហើយ​ចង្អៀត​ចង្អល់ កំពូល​ទាំងអស់​ឃើញ​ដូចជា​ជាន់​លើ​គ្នា ប្រាសាទ​មួយ ៗ ប្រកិត​ប្រច្រៀត​គ្នា​រក​ផ្លូវ​ចន្លោះ​គ្មាន ហើយ​ទី​ធ្លា​មាន​សភាព​ដូចជា​អណ្ដូង គ្មាន​អាកាស​នឹង​គ្មាន​ពន្លឺ ។ គេ​សង្ស័យ​មក​យូរ​ហើយ​អំពី​រឿង​នេះ គឺ​ដោយ​ហេតុ​ជាង​ភាន់​ច្រឡំ​ក្នុង​ការ​កសាង ឬ​ដោយ​ហេតុ​កែប្រែ​ក្បួន​កសាង – ដល់​មក​ក្នុង​ឆ្នាំ ១៩២៤ បាន​លេច​សំអាង​ម្យ៉ាង​ឡើង គឺ​ចន្លោះ​ជញ្ជាំង​កំពូល​កណ្ដាល​នឹង​ហោជាង​ថែវ​ខាង​ក្រោម​តូច​ពេក មិន​អាច​នឹង​លូក​ដែក​ឆ្លាក់​នឹង​អន្លូង​ទៅ​ឆ្លាក់​បាន ហើយ​កន្លែង​នោះ​ក៏​នៅ​ជា​ការ​​មិន​ហើយ​ដូច្នោះ​ទៅ ឯ​ជ្រុង​ឯ​ទៀត​ដែល​មិន​ទើស​ដៃ​គេ​ឆ្លាក់​ហើយ​ស្រេច​ទាំងអស់ – ក្រៅ​ពីនេះ​មាន​ថ្ម​ដែល​ក្រាល​ទី​ព្រះ​លាន​លយ​ហួស​ទៅ ៗ ជា​ពិតាន​កំពូល​ខ្លះ នាំ​ឲ្យ​អន្តរាយ​ដល់​ក្បាច់​ដែល​គេ​បាន​ឆ្លាក់​ដោយ​ផ្ចិតផ្ចង់ មាន​កន្លែង​ខ្លះ​គ្រាន់​តែ​បិទ​សន្ធប់​ក្បាច់​ចាស់​ឲ្យ​បាត់​ទៅ ។
ឃើញ​ថា ហាត់ដោ​ចាស់​របស់​ប្រាសាទ​បាយ័ន មិនមែន​មាន​សភាព​ជា​គំនរ​ថ្ម​ដូច្នេះ​ឡើយ ។ មាន​ការ​កែប្រែ​ឯ​ទៀត​ជា​ច្រើន ដែល​អធិប្បាយ​ទៅ​ឃើញ​វែង​ពេក មិន​សម​ដល់​សេចក្ដី​បំព្រួញ ។
ក្រៅ​ពី​ការ​សង្កេត​ខាង​លើ​នេះ នៅ​មាន​ការ​សង្កេត​នៅ​ក្នុង​ដី​ទៀត គឺ​បាន​ជីក​កកាយ​ជំរៅ​ចំនួន ២ ម ៤០ ទៅ​ក្រោម​កន្លែង​ថែវ​ខាង​ក្រៅ​ទៅ​ថែវ​ខាង​ក្នុង ឃើញ​មាន​ថ្ម​បាយក្រៀម​រៀប​ក្រាល​ជា​ផ្ទៃ ទំនង​ដូចជា​សម្រាប់​ទ្រ​ប្រាសាទ​អ្វី​មុន​ប្រាសាទ​បាយ័ន ឃើញ​មាន​បំណែក​ជញ្ជាំង​ពី​ថ្ម​ភក់​ខ្លះ​ផង ឯ​ជើង​ជញ្ជាំង​ថែវ​ប្រសាទ​បាយ័ន ក៏​ចាប់​សង់​ត​ពី​ផ្ទៃ​នោះ​មក ហើយ​ចាក់​ដី​លប់​បំពេញ​កប់​បំបាត់​ទៅ ។ មោនសៀរ​ប៉ារម៉ង់ចេរ យល់​ថា ការ​កសាង​មុន​នោះ ជា​តួ​ប្រាសាទ​ឥត​ថ្នាក់ បែប​ប្រាសាទ​តាព្រហ្ម​នឹង​បន្ទាយ​ក្ដី​ដូច្នោះ ហើយ​គេ​រំលាយ​ចោល​ចេញ ឬ​សង់​ថ្មី​គ្រប​ពី​លើ​បាត់​ទៅ ។ ក្រៅពី​ការ​កសាង​បន្ថែម​ថ្មី​ទាំង​ប៉ុន្មាន គេ​សង្កេត​ឃើញ​ថា​មាន​យក​ថ្ម​ចាស់ ៗ ដែល​សម្រាប់​ប្រាសាទ​មុន ៗ មក​ប្រើ​ខ្លះ​ផង ។
​អំពី​ការ​សាសនា ដែល​គោរព​ក្នុង​សម័យ​ប្រាសាទ​បាយ័ន​ត្រូវ​ពិនិត្យ​តាម​ឆ្នាំ​ដែល​កសាង​ ប្រាសាទ​នេះ​ឡើង ។ តាំង​ពីដើម​រៀង​មក​ទល់​នឹង​ឆ្នាំ ១៩២៧ គេ​ទុក​ដាក់​ជា​នគរ​ធំ​ព្រម​ទាំង​កំផែង​ជុំវិញ​ចំនួន ១២ គីឡូម៉ែត្រ នឹង​ទ្វារ​ទាំង ៥ ព្រម​ទាំង​ប្រាសាទ​បាយ័ន​នៅ​កណ្ដាល គេ​កសាង​ក្នុង​រវាង​ឆ្នាំ ៨៨៩ – លោក​ហ្វ៊‍ីលិបស្តែន៍ បាន​បន្ថយ​ចុះ ២០០ ឆ្នាំ​មក​ទៀត ។ លុះ​ដល់​មក​ឆ្នាំ ១៩២៨ បាន​ពិនិត្យ​ដេញដោល​រក​ពស្ដុតាង​ទៅ​ឃើញ​ថា ប្រាសាទ​បាយ័ន​ព្រម​ទាំង​កំផែង​នគរ​ធំ មិនមែន​សាង​មុន​ចុង​ឆ្នាំ ១២០០ ឡើយ ឯ​នគរ​ដំបូង​សាង​ក្នុង​ឆ្នាំ ៨៨៩ ហើយ​ដែល​ច្រឡំ​ថា ជា​នគរ​ធំ​នោះ លោក​កោលូបែហ្វ បាន​រក​ឃើញ​ពស្ដុតាង​ថា ជា​ភ្នំ​បាខែង​វិញ​ទេ ។ ប្រាសាទ​នេះ​ហើយ​ដែល​ហៅ​ភ្នំ​កណ្ដាល សម្រាប់​ដំកល់​លិង្គ​ដែល​ហៅថា ទេវរាជ នោះ ។
ដល់​មក​ក្នុង​ឆ្នាំ ១៩២៤ នៅ​វេលា​បាន​ឃើញ​រូប​លោកេស្វរ​នៅ​ហោជាង ក៏​បាន​ជាក់​ច្បាស់​ថា ប្រាសាទ​បាយ័ន​នេះ កាល​ជាន់​ដើម​ជា​ប្រាសាទ​សម្រាប់​ព្រះ​ពុទ្ធសាសនា មិនមែន​ជា​ប្រាសាទ​សម្រាប់​ដំកល់​លិង្គ​ទេ ។ សំអាង​នេះ​ក៏​បាន​ជាក់ច្បាស់​ជា​ដាច់​ខាត​ក្នុង​ឆ្នាំ ១៩៣៣ នៅ​វេលា​ដែល​គាត់​បាន​ព្រះ​ពុទ្ធរូប ១ អង្គ​នៅ​ចំ​កណ្ដាល​ប្រាសាទដែល​គេ​វាយ​បាក់បែក​ខ្ទេចខ្ទីរ ។
លុះ​បាន​ស្គាល់​សម័យ​ដែល​កសាង ព្រម​ទាំង​សាសនា​ជា​ទីតាំង​នៃ​ប្រាសាទ​បាយ័ន​ដូច្នេះ​ហើយ ការ​វិនិច្ឆ័យ​អំពី​ក្បាច់​រចនា​នឹង​អំពី​កំពូល​ឋាន​មុខ​មនុស្ស​ឃើញ​ងាយ​នឹង ​សម្រេច គឺ​ក្បាច់​ចំឡាក់​នៅ​ជញ្ជាំង​ថែវ​ខាង​ក្រៅ​នោះ​ស្គាល់​បាន​រឿង​ជាច្រើន ជា​រឿង​បរិវត្តន៍​របស់​ស្ដេច​ជ័យវរម័ន​ទី ៧ ។
ចំណែក​កំពូល​មុខ ៤ ដែល​ប្រទះ​ឃើញ​នូវ​ទ្វារ​នគរ​ធំ នៅ​ប្រាសាទ​តាព្រហ្ម នៅ​បន្ទាយ​ក្ដី នឹង​នៅ​បន្ទាយ​ឆ្មា នោះ​អ្នក​ដែល​ចេះដឹង វេលា​ដែល​ក្រឡេក​ឃើញ​ភ្លាម​ក៏​កួច​ចិត្ត​ជឿ​ថា ជា​មុខ​ព្រហ្ម​មិន​ខាន ព្រោះ​ធ្លាប់​ដឹង​រាល់​គ្នា​មក​ថា ព្រហ្ម​មុខ ៤ ហើយ​ថែម​ទាំង​ប្រាសាទ​នោះ​ឈ្មោះ​តាព្រហ្ម​ទៀត​ផង ។
ប្រាសាទ​បាយ័ន​នេះ ពិត​ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធសាសនា ហើយ​មុខ ៤ នៅ​កំពូល​ជា​មុខ​ព្រះ​លោករស្វរ​ពោធិសតកវ គឺ​ព្រះ​ពោធិសត្វ​ដែល​មាន​មហា​ករុណា ដែល​រមិល​មើល​ទុក្ខ​ទោស​មនុស្ស​លោក​គ្រប់​ទិស​ទាំង ៤ ។
ដល់​មក​កន្លែង​ត្រង់​នេះ ឃើញ​ទាស់​គ្នា​នឹង​សំអាង​ដើម ព្រោះ​សំអាង​ដើម​ថា ប្រាសាទ​កណ្ដាល ឬ​ភ្នំ​កណ្ដាល សុទ្ធ​តែ​ដំណាង​ភ្នំ​ព្រះ​សុមេរុរាជ​ដែល​ជា​ស្នូល​លោក សម្រាប់​តែ​ឧទ្ទិស​ដល់​ព្រះ​ទេវរាជ​ដែល​មាន​លិង្គ​ជា​ដំណាង ឥឡូវ​ត្រឡប់​ជា​ថា ប្រាសាទ​បាយ័ន​ដែល​ជា​ប្រាសាទ​កណ្ដាល​នគរ​ធំ ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធសាសនា សម្រាប់​ដំកល់​ព្រះ​ពុទ្ធរូប​ធំ​ដែល​ទើប​នឹង​គាស់​បាន​នោះ​វិញ ហើយ​ថែម​ថា មុខ ៤ នៅ​កំពូល​ជា​មុខ​ព្រះ​ពោធិសត្ច​លោកេស្វរ​ទៀត ។
សេចក្ដី​ទំនាស់​នេះ មិន​ជា​លំបាក​នឹង​ពន្យល់​ណាស់​ណា​ទេ យើង​តោង​អាង​ដល់​ពង្សាវតារ គឺ​យើង​បាន​ដឹង​ថា ព្រះ​ជយវរម័ន​ទី ៧ ដែល​សាង​បាយ័ន ឬ​ដែល​គ្រាន់​តែ​បាន​បង្ហើយ​នេះ ជា​មហា​ក្សត្រិយ៍ គោរព​ព្រះ​ពុទ្ធសាសនា​មហាយាន​យ៉ាង​ហ្មត់ចត់ ហើយ​ជា​ស្ដេច​ដែល​លោភ​យស​បំផុត រហូត​ដល់​ទៅ​ល្បួង​បញ្ចូល​ពិធី​ព្រាហ្មណ៍​ដែល​គោរព​ព្រះ​ទេវរាជ មក​ក្នុង​វិធី​គោរព​ព្រះ​ពុទ្ធសាសនា ការ​បញ្ចុល​វិធី​ទៅ​មក​នៃ​សាសនា​ទាំង ២ នេះ​ជា​ការ​ងាយ​ណាស់ ព្រោះ​មាន​លទ្ធិ​ប្រហែល​គ្នា​ស្រាប់ ហើយ​ម្យ៉ាង​ទៀត មាន​ជា​គំរូ​នៅ​ស្រុក​ជ្វា​ផង គេ​គោរព​ព្រះ​សិវពុទ្ធ គឺ​ព្រះ​តែ ១ អង្គ ជា​ព្រះ​ឥសូរ​ផង ជា​ព្រះ​ពុទ្ធ​ផង ។
ឯ​ព្រះ​ពុទ្ធរូប​ធំ ដែល​គាស់​បាន​នៅ​ទី​កណ្ដាល​ប្រាសាទ​បាយ័ន​នោះ​គឺ​ជា​រូប​ព្រះ​ជយវរម័ន​ទី ៧ តែ​ធ្វើ​បែបផែន​ជា​ព្រះ​ពុទ្ធរូប​ជាទី​ដំកល់​នូវ​រាជសារ​របស់​ស្ដេច ដែល​កាន់​សាសនា​ព្រះ​ឥសូរ​ដូច្នោះ​ដែរ ។ រី​រូប​មុខ ៤ ដែល​នៅ ៗ កំពូល​ប្រាសាទ​ផ្សេង ៗ ក៏​ជា​មុខ​ព្រះ​ជយវរម័ន​ដូច​គ្នា ដែល​ដំឡើង​ព្រះ​យស​ឡើង ជា​ព្រះ​ពោធិសត្វ​លោកេស្វរ សមន្តមុខ គឺ​ព្រះ​ពោធិសត្វ​ជា​ឥស្សរ​លើ​លោក​ដែល​មាន​ព្រះ​ភក្ដ្រ​ដេរដាស​ទួទៅ ។
យើង​បាន​ដឹង​ថា​ព្រះ​បាទ​ជយវរម័ន​ទី ៧ វេលា​ដែល​ច្បាំង​ឈ្នះ​ចាម​ហើយ ទ្រង់​បាន​ប្រាប្ដាភិសេក​នៅ​ឆ្នាំ ១១៨១ ទ្រង់​តាំង​ព្រះ​ទ័យ​នឹង​រៀបចំ​នគរ​ជា​ថ្មី​ដោយ​សង់​កំពែង​ថ្ម​ជុំវិញ​យ៉ាង​ មាំ លុះ​ធ្វើ​កំពែង​ហើយ តាម​ទំនៀម​ត្រូវ​តែ​សង់​ប្រាសាទ​កណ្ដាល​ទីក្រុង​ផង ដោយ​ក្នុង​វេលា​នុះ​ទ្រង់​មាន​ព្រះ​ជន្ម​ចូល​ក្នុង​វ័យ​ជ្រុល​ទៅ​ហើយ ។ ដោយ​ទ្រង់​ប្រញាប់​ណាស់​ផង នោះ​ក៏​ទ្រង់​ឥត​ញញើត​នឹង​ចាត់ការ​កែ​ប្រែ​ប្រាសាទ​ណា​មួយ​ដែល​មាន​ស្រាប់​ តាម​បែប​ដែល​ទ្រង់សព្វ​ព្រះ​រាជ​ហឫទ័យ​ឡើយ ។ ទើប​តាំង​កែប្រែ​ប្រាសាទ​បាយ័ន​ចាស់​ឡើង ដើម្បី​ធ្វើ​ជា​ប្រាសាទ​កណ្ដាល​សម្រាប់​ដំកល់​នូវ​ព្រះ​រូប​របស់​ទ្រង់ ដែល​ធ្វើ​ឲ្យ​មាន​បែបភាព​ជា​ព្រះ​ពុទ្ធរាជ គឺ​ជា​ព្រះ​ពុទ្ធ​ផង ស្ដេច​ផង ។
អាស្រ័យ​ដោយ​ការ​កែប្រែ​ថែម​យថ​លើ​ប្រាសាទ​ចាស់​ដូច្នេះ​ហើយ ទើប​ប្រាសាទ​ប្រាយ័ន មាន​រាងរៅ​បែបភាព​មិន​សមរម្យ មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​របស់​វិស្វកម៌​ដូច្នេះ​ឯង ។

ប្រវត្តិ​នៃ​សត្វ​ដំរី

ប្រវត្តិ​សត្វ​ដំរី ដែល​ខ្ញុំ​នឹង​ពណ៌នា​ជា​រឿង​រ៉ាវ ជូន​អស់​លោក-អ្នក​ស្តាប់ ដូច​មាន​ត​ទៅ​នេះ ជា​ការ​ពិត​មែន​ឬ​ពុំ​ពិត​នោះ ខ្ញុំ​ពុំ​អាច​នឹង​រ៉ាប់​រង​បាន​ទេ ព្រោះ​ជា​រឿង​គ្មាន​គោល​ចារិក​គ្មាន​សមុដ្ឋាន​នៃ​ប្រវត្តិ​ហេតុ​ដ៏​សម​គួរ​ នឹង​លើក​យក​មក​ជា​បន្ទាល់, តែ​ខ្ញុំ​នឹង​អត់​ទ្រាំ​មិន​តែង​រឿង​នេះ ឡើង​ពុំ​បាន ព្រោះ​ជា​អ្នក​រក្សា​ដំរី​ច្រើន​មាន​សេចក្ដី​យល់​ផ្សេងៗ​គ្នា ហេតុ​នេះ បាន​ជា​ខ្ញុំ​ខំ​តែង​រឿង​នេះ​ឡើង ដើម្បី​ជា​គោល​នៃ​ពួក​សត្វ​សាស្រ្ត​និង​វិនិច្ឆ័យ​ត​ទៅ ។
ដំរី​ជា​ពួក​សត្វ​ព្រៃ​មាន​រូប​រាង​ធំបំផុត ក្នុង​ពពួក​សត្វ​ចតុប្បាទ ។ ដំរី​នេះ ក្នុងគម្ពីរ​សារសង្គហៈ​លោក​កំណត់​ទុក​១០ ត្រកូល មាន​ត្រកូល​ឆន្ទន្ត​នឹង​ត្រកូល​ឯរាវ័ណ្ណ​ជា​ដើម, ក្នុង​ពពួក​ដំរី​ទាំង ១០ ត្រកូល​នោះ ខ្មែរ​យើង​ចែក​ចេញ​ជា​២​ពួក គឺ​មួយ​ពួក​ហៅ ដំរី​ភ្នំ បាន​ដល់​ពួក​ដំរី​ដែល​កើត​នៅ​នាទី​ភ្នំ មួយ​ពួក​ទៀត​ហៅ ដំរី​រនាម គឺ​ដំរី​ដែល​កើត​នៅ​ក្នុង​ព្រះ​នាម ។ ដំរី​ទាំង​ពីរ​ពួក​នេះ មាន​ទ្រង់​ទ្រាយ​ខុស​គ្នា មិន​ច្រឡំ​គ្នា​ទេ គឺ​ដំរី​ភ្នំ​មាន​សណ្ឋាន​ខ្ពស់​មុខ​ក្បាល​ងើប ដំរី​រនាម មាន​សណ្ឋាន​ទាម​មុខ​ក្បាល​ឳន​កម្លាំង​ពលំ​ក៏​ខុស​គ្នា​ដែរ គឺ​ដំរី​ភ្នំ​មាន​កម្លាំង​ខ្លាំង​ជាង​ដំរី​រនាម ហើយ​មាន​អាយុ​វែង​ជាង​ផង, ឯដំរី​រនាម​ច្រើន​ខ្សោយ​មាន​អាយុ​ខ្លី​ជាង​ដំរី​ភ្នំ ។
ការ​ដែល​នឹង​ពណ៌នា​អំពី​ប្រវត្តិ​ដំរី​នេះ ខ្ញុំ​នឹង​ពណ៌នា​តាម​រឿង​នៃ​បុរស​ម្នាក់ ដែល​វិល​ពី​កំណើត​ដំរី​មក​ចាប់​ជាតិ​ជា​មនុស្ស ហើយ​ដឹង​ជាតិ​របស់​ខ្លួន​កាល​កើត​ជា​ដំរី បុរស​នោះ​អួត​ថា​កាល​ខ្លួន​នៅ​ជា​កុមារ​អាច​ចាំ​ទាំង​ភាសាដំរី​បាន​ផង ។
គ្រា​នេះ​នឹង​ពោល​ពី​ប្រវត្តិ​នៃ​បុរស ដែល​ដឹង​ជាតិ​នោះ ជា​សេចក្ដី​សង្ខេប​ជា​មុន​សិន ដើម្បី​ជា​គោល​ក្នុង​រឿង​នេះ ។
ក្នុង​សម័យ​មួយ ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់​ឈ្មោះ​នាយ វ៉ឹក ធ្វើ​ជា​ទាហាន​ក្រុម​រក្សា​ស្រុក​នៅ​ទី​រួម​ខេត្ត​កំពង់​ធំ បុរស​នេះ​និយាយ​ថា​ខ្លួន​ទើប​នឹង​វិល​ពី​កំណើត​ដំរី មក​ចាប់​ជាតិ​ជា​មនុស្ស​ក្នុង​បច្ចុប្បន្ន​នេះ ។ អស់​លោក-អ្នក​ ដែល​ធ្លាប់​បាន​ទៅ​ធ្វើ​រាជការ នៅ​ទី​រួម​ខេត្ត​កំពង់​ធំ កាល​ពី​ឆ្នាំ​១៩២០ ដល់​១៩២៥ គង់​បាន​ជ្រាប​ឬ​បាន​ស្គាល់​នាយ​វ៉ឹក នោះ​ជា​ពុំ​ខាន ។ នាយ​វ៉ឹក​នេះ ជា​មនុស្ស​មាន​សណ្ឋាន​ទ្រង់​ទ្រាយ​បែប​ភាព​គួរ​ឲ្យ​ជឿ​ថា ទើប​នឹង​វិល​មក​ពី​សត្វ​ដំរី​មែន ព្រោះ​សណ្ឋាន​ក្បាល​មាន​ទំនង​ដូច​ក្បាល​ដំរី ម្រាម​ដៃ​នឹង​ម្រាម​ជើង​ធំៗខ្លីៗ ដំណើរ​ដើរ​យោល​ខ្លួន​យោល​ក្បាល​ដូច​ដំរី ។

ជាតក​នាយវ៉ឹក
នាយ​វ៉ឹក​អធិប្បាយ​ថា កាល​ខ្ញុំ​កើត​ជា​ដំរី ជា​សត្វ​ដំរី​ភ្នំ ខ្លួន​ខ្ញុំ​ជា​ដំរី​មាន​ភ្លុក​មាន​បង​ឈ្មោល​១​ជា​ដំរី​ស្ត មាន​ម្តាយ​១ មេម៉ាយ តែ​កើត​នៅ​ព្រៃ​ភ្នំ​ណាៗ​ខ្ញុំ​មិន​ស្គាល់ ។ ខ្ញុំ​នឹង​បង​បាន​គិត​គ្នា​ពិចារណា​សង្វេត​ចិត្ត​អាណិត​ដល់​មាតា ដែល​ចាស់​ជរា ដើរ​រក​អាហារ​ល្អ​ឬ​ឆ្ងាញ់​ពិសារ​ឲ្យ​ពេញ​បរិបូណ៌​ពុំ​បាន​ព្រោះ​នៅ​ក្នុង​ ហ្វូង​ធំ អាហារ​ទាំង​ឡាយ​ដូច​យ៉ាង​ទំពាំង​ទុល​ដី មើល​ឈើ​នឹង​ផ្លែ​ឈើ​ជា​ដើម ដំរី​ស្ទាវៗ ដណ្តើម​យក​អស់ ។ ខ្ញុំ​ព្រម​ទាំង​បង នឹង​ទ្រាំ​នៅ​ក្នុង​ហ្វូង​ធំ​ពុំ​បាន ក៏​បបួល​បង​ប្អូន​នាំ​ម្តាយ​បែក​ចេញ​ពី​ហ្វូង​ធំ​ទៅ​រក​ស៊ី​ក្នុង​ព្រៃ​ ឆ្ងាយ ។ ពី​ហ្វូង​ដំរី​ឯទៀត ។ មាន​កាល​សម័យ​ថ្ងៃ​មួយ ខ្ញុំ​នាំ​ម្តាយ​ចេញ​ទៅ​រក​ស៊ី​ក្នុង​ព្រៃ​ឈើ ស្រាប់​តែ​មាន​ព្រាន​បាញ់​កាំ​ភ្លើង​ពី​ចុង​ឈើ​មក​ត្រូវ​ខ្លួន​ខ្ញុំ តែ​ក្នុង​ខណៈ​ដែល​ត្រូវ​គ្រាប់​នោះ ខ្ញុំ​គ្មាន​ស្មារតី​ដឹង​ថា​ខ្លួន​ត្រូវ​គ្រាប់​ទេ ព្រោះ​កាល​ឮសូរ​កាំ​ភ្លើង​នោះ ខ្លួន​ខ្ញុំ​នឹង​បង​ខ្ញុំ ព្រម​ទាំង​មាតា​រត់​ចេញ​ពី​នោះ ដោយ​ប្រញាប់​ប្រញាល់ ។ លុះ​ខ្ញុំ​រត់​ឆ្ងាយ​បន្តិច​ទៅ​ក៏​នឹក​ឃើញ​ថា នៅ​ទី​ដែល​ឮ​សូរ​កាំ​ភ្លើង​នោះ អាត្មា​អញ​បាន​ឃើញ​ដំរី​១​ដួល​ស្លាប់ កាល​នឹក​ឃើញ​ដូច្នេះ​ខ្ញុំ​ក៏​វិល​ទៅ​កាន់​ទី​នោះ​វិញ​តែ​ម្នាក់​ឯង កាល​ខ្ញុំ​ទៅ​ដល់​ក៏​ឃើញ​ដំរី ១ មាន​ភ្លុក​ដួល​ស្លាប់ ខ្ញុំ​ខំ​សំឡឹង​មើល​ខ្មោច​ដំរី​នោះ ក៏​ឥត​មាន​ស្គាល់​សោះ, ខំ​មិន​អស់​ចិត្ត​ក៏​ចូល​ទៅ​ចាប់​លើក​ខ្មោច​ដំរី​នោះ ត្រឡប់​លើ​ជា​ក្រោម ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់ ក៏​នៅ​តែ​មិន​ស្គាល់ ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ចុង​ឈើ​ឃើញ​ព្រាន​ព្រៃ​ម្នាក់​អង្គុយ​លើ​បង្គាប​ឈើ ដៃ​កាន់​កាំ​ភ្លើង ខ្ញុំ​នឹក​ផ្តួច​ក្នុង​ចិត្ត​ឡើង​ថា ព្រាន​នេះ​ហើយ​ជា​អ្នក​ធ្វើ​ហត្ថីឃាដ បើ​ដូច្នេះ​អាត្មា​អញ​នឹង​នៅ​រង់​ចាំ​ធ្វើ​មនុស្ស​ឃាដ​វិញ​ជា​ការ​សង​សឹក​ គ្នា, ខ្ញុំ​កាល​គិត​ដូច្នោះ​ហើយ​ក៏​ថយ​ខ្លួន​ទៅ​ពួន​នៅគុម្ព​ឈើ​មួយ រង​ចាំ​ព្រាន​នោះ​ចុះ​មក ​និង​ចូល​ទៅ​ព្រេច​សម្លាប់ ។ ចំណែក​ខាង​ព្រាន​កាល​ឃើញ​ថា ដំរី​ដែល​ខ្លួន​បាញ់​នោះ​ស្លាប់​ប្រាកដ​ហើយ ក៏​ចុះ​ចាក​បង្គាប​ឈើ ដៃ​កាន់​កាំ​ភ្លើង លុះ​ចុះ​មក​ដល់​ដី​ហើយ​យក​ពូថៅ​ទៅ​ពុំ​ក្បាល​ដំរី​នោះ កាល​ពុះ​កកាយ​ដក​យក​ភ្លុក​បាន​ហើយ ក៏​ចង​ភ្លុក​នោះ​រែក​យក​តៅ ដៃ​នៅ​តែ​កាន់​កាំ​ភ្លើង​ជាប់​ទៅ​ផង ។ ឯខ្លួន​ខ្ញុំ​ដែល​ពួន​ចាំ​ធ្វើ​មនុស្ស​ឃាដ​នោះ ចេះ​តែ​មាន​សេចក្ដី​ខ្លាច​តក់​ស្លុត​ក្នុ​ចិត្ត​ពុំ​ហ៊ាន​ចូល​ទៅ​ព្រេច តែ​មិន​ព្រះ​លះ​បង់​គំនិត​ដែល​ចង​អាឃាដ​ព្យាបាទ​នោះ​ទេ កាល​ឃើញ​ព្រាន​ចេញ​ដំណើរ​ទៅ ខ្ញុំ​ក៏​ចេញ​ទៅ​តាម​ក្រោយ​ដោយ​គិត​ថា បើ​ដល់​ទី​ណា​មួយ​មាន​ឳកាស​ល្អ​នឹង​ចូល​ទៅ​ព្រេច​ឲ្យ​ខាង​តែ​បាន តែ​ពុំ​ចេះ​មាន​ឳកាស​ល្អ​សោះ លុះ​តាមៗ​ទៅ​ដរាប​ដល់​ផ្ទះ​ព្រានៗ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ខ្ញុំ​ក៏​ថយ​ទៅ​នៅ​ក្នុង​ព្រៃ​ចេក​ខាង​ក្រោយ​ផ្ទះ​ព្រោះ​នោះ តែ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ព្រោះ​ព្រាន​និយាយ​ការ​អ្វីៗ ក្នុង​ផ្ទះ​ខ្ញុំ​ឮ​ទាំង​អស់ ដោយ​ចង​ចិត្ត​ថា ឲ្យ​តែ​ព្រាន​ចុះ​ពី​ផ្ទះ​មក​កាល​ណា នឹង​ចូល​ទៅ​សម្លាប់ ។ ក្នុង​រាត្រី​នោះ​ខ្ញុំ​បាន​បរិភោគ​ផ្លែ​ចែក​នឹង​ដើម​ចែក​ក្នុង​ចំការ​នោះ​ ខ្ទេច​ខ្ទី​អស់ ។ លុះ​ព្រឹក​ឡើង​ ខ្ញុំ​ឮ​ព្រាន​និយាយ​ថា ចុះ​ចេក​អញ​ថ្ងៃ​នេះ ក៏​ស្រពោន​ទុំ​ស្លឹក​ពាស​ពេញ​ទាំង​ចំការ​ដូច្នេះ ជា​មាន​ហេតុ​អ្វី​ឬ លុះ​កន្លង​ចូល​រាត្រី​គំរប់​ពីរ ខ្ញុំ​ចូល​ទៅ​រុះ​ផ្ទះ​ព្រាន​នោះ កំពុង​តែ​រុះ​រើ​ឮសូរ​សំឡេង​ព្រាន​ដាស់​ប្រពន្ធ​ប្រាប់​ថា អញ​ដូវ​ជា​វិល​មុខ ប្រហែល​ជា​ខុស​ប្រកាំ​ដឹង ឯង​ចូរ​ទៅ​កាប់​ដើម​ចេក​យក​មក​ដោយ​ស្លាធ័រ​ឲ្យ​អញ ។​ ខ្ញុំ​ឃើញ​ប្រពន្ធ​ព្រាន​នោះ ចុះ​ទៅ​កាប់​ដើម​ចេក​មែន​ខ្ញុំ​ដូច​ជា​មាន​សេចក្ដី​ភ័យ​ពុំ​ហ៊ាន​រុះ​ផ្ទះ​ នោះ​ត​ទៅ​ទៀត ។ លុះ​ដល់​រាត្រី​គំរប់បី ស្រាប់​តែ​ខ្ញុំ​ភ្លេច​បាត់​ស្មារតី​ពុំ​ដឹង​ជា​ខ្លួន​ទៅ​នៅ​ក្នុង​ទី​ណា (គឺ​ចូល​ទៅ​ចាប់​កំណើត​ក្នុង​ផ្ទៃ​ប្រពន្ធ​ព្រាន) ។
ត​អំពី​នេះ​ទៅ​ នឹង​រា​ថយ​ទៅ​និយាយ​អំពី​ប្រពៃ​ណី​នៃ​សត្វ​ដំរី តាម​សំដី​នាយ​វ៉ឹក​ឡើង​វិញ ។
សត្វ​ដំរី​កាន់​ប្រពៃណី​សុចរិត​ពិត​ត្រង់ មាន​ធម្មសម្បត្តិ​ដ៏​បរិបូណ៌​ គឺ​ដំរី​ញី​ទាំង​ឡាយ ដែល​នៅ​ក្រមុំ មាន​សេចក្ដី​ជឿ​ស្មោះ​ត្រង់​នឹង​មាតា​បិតា​ពុំ​ហ៊ាន​ប្រព្រឹត្ត​អនាចារ​ក្រៅ ​កន្លង​ធម៌ បើ​នឹង​យក​ប្តី លុះ​តែ​មាតា​បិតា​យល់​ព្រម​ទុក​ដាក់ ឲ្យ​ទើប​បាន​ហ៊ាន​យក ។ មុន​នឹង​ប្រគល់​ខ្លួន​ធីតា​ឲ្យ​កាន់​ត្រកូល​ស្វាមី​នោះ មាន​ធ្វើ​ពិធី​មួយ​ដ៏​សំខាន់ គឺ​ប្រជុំ​ពួក​ដំរី​ដែល​ជា​ញាតិ​មក​ប្រាប់​ឲ្យ​យល់​ព្រម​គ្រប់ៗ​គ្នា នៅ​ទី​បឹង​ឬ​ជ្រោះ​ណា​មួយ លុះ​ព្រម​ព្រៀង​ធ្វើ​មង្គល​រួច​ហើយ ដំរី​គួស​វាស​នាំ​គ្នា​ចុះ​ទៅ​ក្នុង​បឹង​ឬ​ក្នុង​ជ្រោះ​ដើម្បី​ឲ្យ​ពួក​ដំរី ​ចុះ​បាច​ទឹក​ឲ្យ ។
ក្នុង​មួយ​ឆ្នាំៗ ដំរី​ទាំង​ឡាយ​ក្នុង​សកលលោក ត្រូវ​ទៅ​ឡើង​អ្នក​តា​ម្តង ទោះ​បី​ទៅ​រក​ស៊ី​ឆ្ងាយ​ក្ដី​ជិត​ក្ដី ក៏​ត្រូវ​ចូល​ទៅ​ប្រជុំ​គ្នា​ឡើង​អ្នក​តា​មួយ​ថ្ងៃ​ ពុំ​ដែល​មាន គ្រប់​តែ​ដំរី​ត្រូវ​ដឹង​របៀប​នេះ ។ ឯអ្នក​តា​នោះ​មាន​រួប​សណ្ឋាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស តែ​ធំប៉ុន​ដំរី​សារ​អង្គុយ​ពែន​ភ្នែន នៅ​លើ​កំពូល​ភ្នំ បែរ​មុខ​ទៅ​ទិស​ខាង​កើត ។ ដំរី​ទាំង​ឡាយ​កើត​ពី​ខាង​កើត ហើយ​ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​អ្នក​តា​ម្នាក់​ម្តងៗ ។ ពេល​ដែល​ដំរី​ក្រាប​សំពះ​នោះ អ្នក​តា​ប្រាប់​ថា​ឆ្នាំ​នេះ​ត្រូវ​ឲ្យ​ដំរី​បរិភោគ​ដើម​ឈើ​នេះ​ជា​ថ្នាំ ដំរី​ទទួល​ប្គាប់​ហើយ​ក៏​ថយ​ចុះ​ទៅ​វិញ រួច​ដំរី​ណា​មាន​អាយុ​សង្ខារ​គ្រប់​កំណត់​នឹង​មរណៈ​ក្នុង​ឆ្នាំ​នោះ មិន​អាច​រស់​នៅ​ដល់​ពេល​ចូល​ថ្វាយ​បង្គំ​លើក​ក្រោយ​ទៀត​បាន​ទេ អ្នក​តា​ក៏​មិន​បាន​ប្រាប់​ថ្នាំ​ឲ្យ​ដំរី​នោះ​បរិភោគ​ទេ គ្រាន់​តែ​ធ្វើ​អាការ​ឲ្យ​សញ្ញា​ដោយ​លើក​ដៃ​ដាក់​លើ​ស្មា​ចង្អុល​ទៅ​ក្រោយ​ គឺ​ចង្អុល​ទៅ​ខា​លិច​ភ្នំ ដំរី​នោះ​ក៏​ស្រក់​ទឹក​ភ្នែក ហើយ​ចុះ​ទៅ​តាម​ដៃ​អ្នក​តា​ទៅ ។ ពួក​ដំរី​ដែល​ជា​កូន​ចៅ ឬ​ជា​មិត្រ​សំឡាញ់​ឃើញ​ដូច្នោះ​ក៏​សំដែង​អាការ​ផ្សេងៗ ដើម្បី​ថ្លែង​សេចក្ដី​សោក​ស្តាយ ។
ដំរី​ដែល​នៅ​ក្នុង​ព្រៃ សឹង​មាន​ឥស្សរផាព​ជា​ទី​សប្បាយ​រីក​រាយ​ណាស់ តែ​មាន​ទេសកាល​ម្តងៗ នាំ​ឲ្យ​ពួក​ដំរី​ទាំង​ឡាយ​មាន​ទុក្ខ​ព្រួយ​គឺ​បើ​មេ​ដំរី​ណា​សំរាល​កូន​មក សប្បុរ​ទង់​ដែង (ហៅ​ថា​ដំរី) នោះ​ពួក​ដំរី​ទាំង​ឡាយ​នាំ​គ្នា​ខ្វល់​ខ្វាយ​ជួយ​ថែរក្សា​កូន​ដំរី​នោះ ។ បើ​កូន​ដំរី​នោះ​ចេញ​ដើរ​ទៅ​ទី​ណា តែង​នាំ​គ្នា​តាម​ទៅ​ឈរ​បាំ​ពី​មុខ​ពី​ក្រោយ ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ ព្រោះ​មនុស្ស​លោក​កាល​ណា​ឃើញ​កូន​ដំរី​នោះ​ហើយ ពុំ​ដែល​រំលង​ចោល​មួយ​ដង​ដោះ​ឡើយ តែង​តែ​តាម​ទាក់​តាម​ចាប់ ម្ល៉ោះ​ហើយ​សេចក្ដី​អន្តរាយ ដោយ​គ្រឿង​អាវុធ​ក៏​កើត​មាន​ឡើង ដល់​ពួក​ដំរី​ទាំង​មូល លុះ​កូន​ដំរី​នោះ​ធំ​ពេញ​ជំទង់​ឡើង ក៏​នាំ​គ្នា​ចាប់​យក​ទៅ​ឲ្យ​ត្រាំ​ទឹក​ដេល​មាន​ជ័រ​ឈើ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ដំរី​ខ្មៅ​វិញ ។
សារ​ត្រឡប់​ទៅ​និយាយ​អំពី​ប្រពន្ធ​ព្រាន​ព្រៃ ។ ប្រពន្ធ​ព្រាន​ព្រៃ​កាល​គភ៌​គ្រប់​កំណត់​ទស​មាស ក៏​សំរាល​កូន​ចេញ​មក កូន​នោះ​ជា​ភេទ​ប្រុស មាន​រូប​រាង​ទ្រង់​ទ្រាយ​ដូច​ដំរី​ដោយ​ច្រើន ។ មាតា​បិតា​បាន​សន្មត​នាម​កុមារ​នោះ​ថា វ៉ឹក ។
ចៅ​វ៉ឹក​ពោល​ថា កាល​ខ្ញុំ​កើត​ឡើង​អាយុ​បាន​៣​ឆ្នាំ ក៏​នឹក​រលឹក​ដល់​ដំរី​ដែល​ជា​មាតា​នឹង​បង​ពុំ​ដឹង​ជា​នៅ​ឯណា នឹក​ពិចារណា​ឃើញ​តាង​ពី​នាំ​បណ្តើរ​មាតា​ចេញ​ចាក​ហ្វូង​ដំរី​មក​ដល់​ទី​ដែល​ ព្រាន​ព្រៃ​បាញ់​ខ្លួន​នោះ ខ្ញុំ​មាន​សេចក្ដី​រំជួល​ក្នុង​ដួង​ហ្ឫទ័យ​កាន់​តែ​ខ្លាំង​ឡើង​ៗ នឹង​ទ្រាំ​នៅ​ស្ងៀម​ត​ទៅ​ពុំ​បាន​។ ទទួល​មាន​ឳកាស​ថ្ងៃ​មួយ មាតា​បិតា​ខ្ញុំ​ទៅ​ធ្វើ​ចំការ​អស់ ទុក្ខ​ខ្ញុំ​ឲ្យ​នៅ​ចាំ​ផ្ទះ​ដោយ​ផ្តាំ​ផ្ញើ​នឹង​ញាតិ​ព្រៀង​លាន​ឲ្យ​ជួយ​ មើល​ផង ខ្ញុំ​ឃើញ​បាន​ឳកាស​ល្អ ក៏​រត់​ចេញ​ពី​ផ្ទះ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ ដើម្បី​ស្វែង​រក​ដំរី​ជា​មាតា​នឹង​បង ។ ខ្ញុំ​ចេញ​ដើរ​ទៅ​តាម​ផ្លូវ​ដែល​ខ្ញុំ​នៅ​ចាំ​កាល​កើត​ជា​ដំរី​ធ្លាប់​ដើរ ខ្ញុំ​ទទួល​ទាហារ​ផ្លែ​ឈើ​តាម​ដែល​ខ្ញុំ​ធ្លាប់​ទទួល​ទាន​កាល​ពី​នៅ​ជា​ជាតិ ​ដំរី ចេញ​ដើរ​ទៅ​ក្នុង​ព្រៃ​អស់​វេលា​រាត្រី​ជា​ច្រើន ឥត​មាន​ជួប​នឹង​មនុស្ស​ណា​ម្នាក់​សោះ ឃើញ​តែ​ដាន​ជើង​ដំរី​ព្រៃ ខ្ញុំ​ខំ​ដើរ​តាម​ដាន​ដំរី​ទៅ​ទៀត ។ គីត​អំពី​ថ្ងៃ​ដែល​ខ្ញុំ​ចេញ​អំពី​ផ្ទះ​ទៅ​បាន​៧​ថ្ងៃ ខ្ញុំ​បាន​ជួប​ប្រទះ​នឹង​ដំរី​ស្ត​១ ដើរ​ស៊ី​ក្នុង​ព្រៃ​ស្មាច់ ខ្ញុំ​គយ​គន់​មើល​ ដោយ​សេចក្ដី​សង្កេត​សព្វ​គ្រប់​ទៅ ក៏​ស្គាល់​បាន​ប្រាកដ​ជា​បង​របស់​ខ្ញុំៗ ស្ទុះ​ចូរ​ទៅ ដើម្បី​សាក​សួរ​អំពី​សុខ​ទុក្ខ​នឹង​សួរ​រក​មាតា ។ ដំរី​ស្ត​កាល​បាន​ឃើញ​មនុស្ស​រត់​ចូល​ទៅ​ជិត​ដូច្នោះ ក៏​ភិត​ភ័យ​តក់​ស្លុត ស្ទុះ​រត់​ចេញ​ជា​ប្រញាប់ ។ ខ្ញុំ​នៅ​ចាំ​ភាសា​ដំរី ក៏​ស្រែក​ជា​ភាសា​ដំរី​អំពី​រឿង​រ៉ាវ ដែល​ធ្លាប់​នៅ​ជា​មួយ​គ្នា​ក្នុង​គ្រា​ដែល​កើត​ជា​ដំរី ខ្ញុំ​និយាយ​បណ្តើរ​រត់​តាម​បណ្ដើរ ទាល់​តែ​ដំរី​ស្ត​ស្តាប់​បាន​ទើប​ឈប់​លែង​រត់ ហើយ​ខ្ញុំ​ចូល​ទៅ​ឈរ​ទល់​មុខ​ដំរី ពោល​វា​ចា​ជា​ភាសា​ដំរី​សួរ​មាតា ។ ដំរី​ស្ត​ប្រាប់​មក​វិញ​ថា មាតា​យើង​ស្លាប់​ទៅ​ហើយ ។ ដំរី​ស្ត​ជឿ​ជាក់​ថា ប្អូន​បាន​ទៅ​កើត​ជា​មនុស្ស​មែន ក៏​មាន​សេចក្ដី​ស្នេហា​ចំពោះ​ខ្ញុំ​ក្រៃ​ពេក បាន​ចាប់​លើក​ខ្ញុំ​ដាក់​ឲ្យ​អង្គុយ​លើ​ពោង​នាំ​ចេញ​ទៅ​រក​ស៊ី​ព្រៃ​ស្ងាត់ ដែល​ឆ្ងាយ​អំពី​ហ្វូង​ដំរី ដើម្បី​ការ​ពារ​មិន​ឲ្យ​ដំរី​ព្រៃ​ឃើញ​ខ្លួន​ខ្ញុំ ហើយ​ខំ​រក​ផ្លែ​ឈើ​មើម​ឈើ​ឲ្យ​ខ្ញុំ​បរិភោគ​ជួស​តាង​បាយ ។ ដំរី​ស្ត​ខំ​ព្យាយាម​ខ្ញុំ​ពេញ​៣​ឆ្នាំ ឥត​បាន​ចូល​ទៅ​ក្នុង​ហ្វូង​ដំរី​ព្រៃ​សោះ ម្ល៉ោះ​ហើយ​បណ្តាល​ឲ្យ​កើត​សេចក្ដី​អផ្សុក​ធុញ​ទ្រាន់​ជា​ខ្លាំង ទើប​និយាយ​នឹង​ខ្ញុំ​ថា អូន​អើយ អូន​ឯង​បាន​ទៅ​កើត​ជា​មនុស្ស​ទៅ​ហើយ គួរ​តែ​ទៅ​នៅ​រួម​សាមគ្គី​នឹង​មនុស្ស ឯ​បង​ដែល​មាន​កំណើត​ជា​សត្វ​ដំរី​ក៏​ត្រូវ​រួម​សាមគ្គី​នឹង​សត្វ​ដំរី​ដូច​ គ្នា ល្ហើាយ​ចុះ​យើង​ជា​បង​ប្អូន​រួម​ផ្ទៃ​មួយ ក្នុង​គ្រា​អូន​ឯង​នៅ​ជា​សត្វ​ដំរី​ក៏​ត្រូវ​នៅ​ចាំ​ប្រាកដ​ថា​យើង​ជា​បង​ ប្អូន​នឹង​គ្នា​ជា​ដរាប​ត​ទៅ ។ ខ្ញុំ​បាន​តប​ទៅ​វិញ​ថា​ខ្ញុំ​ទទួល​ស្តាប់​ទាំង​អស់​ពាក្យ​ដែល​បង​និយាយ​ ទាំង​ប៉ុន្មាន បើ​ដូច្នេះ សូម​បង​ជូន​ខ្ញុំ​ទៅ​ទី​លំនៅ​វិញ ។ ខ្ញុំ​នឹង​ដំរី​ស្ត​បាន​សំដែង​សេចក្ដី​អាឡោះ​អាល័យ​គ្នា​ជា​ពន្លឹក​ទៅ​វិញ​ ទៅ​មក រួច​ទើប​សំរី​ស្ត​ចាប់​លើក​ខ្ញុំ​ដាក់​លើ​ពោង ហើយ​ដើរ​តំរង់​ចូល​ទៅ​កាន់​ស្រុក​ភូមិ​នៃ​មនុស្ស លុះ​ទៅ​ជិត​ដល់​ក្រោយ​ផ្ទះ​មាតា​បិតា​ខ្ញុំ​ក៏​ដាក់​ខ្ញុំ​ឲ្យ​ចុះ​ពី​លើ​ ពោង ហើយ​ប្រញាប់​ប្រញាល់​វិល​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ។ ចំណែក​ខាង​ខ្លួន​ខ្ញុំ កាល​ចូល​មក​ដល់​ផ្ទះ មាតា​បិតា​ជា​ព្រាន​ព្រៃ​បាន​ឃើញ​ហើយ ក៏​មាន​សេចក្ដី​ត្រើត​រីក​រាយ​ឥត​ឧបមា ព្រោះ​កាល​បាត់​ខ្ញុំ​ទៅ​ជាង​៣​ឆ្នាំ ឥត​មាន​ដំណឹង​សោះ ។ ក្នុង​ពេល​ដែល​​ទើប​មក​ដល់​ ខ្ញុំ​និយាយ​ភាសា​មនុស្ស​មិន​កើត​ទេ ព្រោះ​កាល​ខ្ញុំ​ឃ្លាត​ពី​មាតា​បិតា​ទៅ​នោះ នៅ​តូច​ណាស់ ភាសា​មនុស្ស​ទើប​តែ​នឹង​ចេះ​បន្តិច​បន្តួច​ខ្ញុំ​ស្តាប់​ពាក្យ​មាតា​បិតា​ ដែល​សាក​សួរ បាន​ខ្លះ​មិន​បាន​ខ្លះ តែ​ខ្ញុំ​និយាយ​តប​វិញ​មិន​កើត ។ លុះ​កន្លង​ទៅ​៣-៤ ខែ​ទើប​និយាយ​រឿង​រ៉ាវ​ដែល​ពោល​ហើយ​នេះ ជា​ភាសា​មនុស្ស​ប្រាប់​មាតាបិតា​បាន ។
ចៅ​វ៉ឹក​នេះ លុះ​អាយុ​ពេញ​ការ​បាន​ចូល​ធ្វើ​ជា​ទាហាន​ក្រុម​រក្សា​ស្រុក​នៅ​ទី​រួម​ខេត្ត ​កំពង់​ធំ ។​​ឈ្មោះ​នេះ​តែ​និយាយ​រឿង​រ៉ាវ​របស់​ខ្លួន​ចប់​កាល​ណា តែង​លើក​ដៃ​សំពះ​សុំ​ឲ្យ​បាន​ទៅ​កើត​ជា​សត្វ​ដំរី​វិញ ព្រោះ​ពុំ​ពេញ​ចិត្ត​នឹង​សេចក្ដី​ចង្អៀត​ចង្អល់​របស់​មនុស្ស​លោក​សោះ ។
អំពី​រឿង​ប្រវេណី​របស់​សត្វ​ដំរី​នេះ នៅ​មាន​ហ្ម​ម្នាក់​ឈ្មោះ ហ្ម​សុខ​ជា​ហ្ម​ជាន់​ចាស់ គាត់​និយាយ​ថា សត្វ​ដំរី​កាន់​កិរិយា​១ ប្លែក​ពី​សត្វ​ចតុប្បាទ​ដទៃៗ គឺ​នៅ​គ្រា​ដែល​សត្វ​ដំរី​រួម​បវេណី​នឹង​គ្នា ពុំ​បាន​ប្រព្រឹត្ត​ដូច​សត្វ​ទាំង​ពួង​ទេ ប្រព្រឹត្ត​បែប​យ៉ាង​មនុស្ស​ទៅ​វិញ ។ ថា​សត្វ​ដំរី​ញី​នឹង​ដំរី​ឈ្មោល កាល​ណា​មាន​សេចក្ដី​ស្រឡាញ់​គ្នា​ជា​ប្រាកដ មុន​នឹង​រួម​សំវាស​(ស្គាគ្នា) តែង​នាំ​គ្នា​ទៅ​រក​នាទី​ដី​ដែល​មាន​ភាព​ខូង​កណ្ដាល​ ដើម្បី​ដេក​ផ្ងារ​បាន​ដោយ​ស្រួល តែ​មុន​បឹង​ប្រះ​ខ្លួន​ដេក​ទៅ​ក្នុង​ដី​ក្រហូង​នោះ ត្រូវ​ដំរី​ឈ្មោល​ធ្វើ​កិច្ច​ស្បថ​សច្ចា​ប្រណិធាន​ចំពោះ​មុខ​ដំរី​ញី​នោះ​ សិន តាម​លក្ខណៈ​ប្រវេណី ៣ ប្រការ​គឺ​៖
១-កាល​ណា​ស្គាគ្នា​រួច ត្រូវ​ជួយ​លើក​ឡើង​វិញ,
២-បើ​មាន​អាសន្ន​អន្តរាយ​ ដោយ​សត្វ​ខ្លា​ឬ​ព្រាន​ព្រៃ​មក​ទាន់​ត្រូវ​នៅ​ជួយ​ការ​ពារ​គ្នា គ្រា​តែ​អស់​ជីវិត មិន​រត់​ចោល​គ្នា,
៣-ត្រូវ​ទុក​ការ​រួម​សំវាស (ស្គា​គ្នា) ជា​ដំបូង​នេះ​ជា​គោល​ថា នឹង​មិន​ទៅ​ស្នេហា​នឹង​ដំរី​ញី​ដទៃ ត្រា​តែ​អស់​ជីវិត ។
របៀប​ដែល​ស្បថ​នេះ ត្រូវ​ដំរី​ឈ្មោល​ស្បថ​បែរ​មុខ​ចំពោះ​ទៅ​រក​ព្រះ​អាទិត្យ លុត​ជង្គង់​លើក​ប្រមោយ​ឡើង​ថ្វាយ​បង្គំ​ព្រះ​អាទិត្យ ៣ ដង ទើប​ដំរី​ញី​ព្រម​ព្រះ​ខ្លួន​ដេក​ទៅ​ក្នុង​ដីក្រហូង ។ បាន​ជា​ជាប់​កិច្ច​ស្បថ​ដូច្នេះ ព្រោះ​ដំរី​ញី​នឹង​ក្រោក​ឡើង​ខ្លួន​ឯង​វិញ​ពុំ​រួច ដោយ​ហេតុ​ទី​ដ៏​ខ្ពស់ ខាង​ឆ្វេង​នឹង​ខាង​ស្តាំ លុះ​តែ​ដំរី​ដូច​គ្នា ជួយ​លើក​​ទើប​ក្រោក​រួច ។
របៀប​ប្រវេណី​នៃ​សត្វ​ដំរី ដូច​បាន ពណ៌នា​ខាង​លើ​នេះ ជា​ការ​ពិត​ឬជា​ការ​ប្រឌិត​ឡោះង ដោយ​ថ្វី​មាត់​នៃ​អ្នក​កំប្លែង ដើម្បី​ពោល​ជា​ការ​កំសាន្ត​នោះ ខ្ញុំ​ពុំ​អាច​នឹង​រ៉ាប់​រង​ទេ ទុក​ដជូន​អស់​លោក​អ្នក​ដែល​បាន​មើល​ឬ​បាន​ស្តាប់​រឿង​នេះ ពិចារណា​ផង​ចុះ ។

ពាក្យ​សម្បថ

ពាក្យ​សម្បថ
របស់
មន្ត្រី​រាជការ​ក្នុង​រាជ្យ​ព្រះ​បាទ​ សូរ្យ​វរ្ម័ន​ទី ១
Le serment des fonctionnaires de
SURYAVARMAN 1er
933 çaka
(កម្ពុជសុរិយា លេខ ១ ឆ្នាំ ១៩៩៤)
គេ​បាន​រក​ឃើញ​អត្ថបទ​នៃ​ពាក្យ​សម្បថ របស់​តម្រួត​ភាគ (ស្រុក) ថ្នាក់ ឯក – ទោ – ត្រី – ចត្វា នៅ​ក្នុង​សិលា​ចារឹក ដែល​បាន​ចារ​លើ​មេ​ទ្វារ​នៃ​គោរៈបុរៈ​ខាង​កើត​បរិវេណ​ខាង​ក្នុង​នៃ​ព្រះ​បរម ​រាជវាំង​គឺ ក្លោង​ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ប្រាសាទ​ភិមាន​អាកាស ។ នៅ​គោបុរៈ​ខាង​កើត​នោះ គេ​ឃើញ​មាន​សិលា​ចារឹក​​ចំនួន ៨ ផ្ទាំង ដែល​មាន​អត្ថបទ​ចំនួន ១១ បន្ទាត់ ខាង​ដើម​ជា​ពាក្យ​សម្បថ រួច​អត្ថបទ​បន្ទាប់ ជា​បញ្ជី​រាយ​នាម​មន្ត្រី និង​ឈ្មោះ​ស្រុក ដែល​មន្ត្រី​ទាំង​នោះ​គ្រប់គ្រង ។ ទោះបី​មន្ត្រី​ទាំងឡាយ​នោះ ធ្វើ​ពាក្យ​សម្បថ​តាម​ថ្នាក់​គឺ ថ្នាក់​ឯក​ដោយឡែក ថ្នាក់​ទៅ​ដោយឡែក … ក៏​ដោយ ក៏​អត្ថបទ​នៃ​ពាក្យ​សម្បថ មាន​ទម្រង់ និង​ខ្លឹមសារ​ដូច​គ្នា​បេះ​បិទ ។
សិលា​ចារឹក​ទាំង​នោះ សរសេរ​ជា​ភាសា​ខ្មែរ​បុរាណ ដោយ​មាន​ចុះ​កាល​បរិច្ឆេទ ឆ្នាំ ៩៣៣ គ.ក. (មហា​សករាជ) ។ អត្ថបទ​សិលា​ចារឹក​ទាំង ៨ ផ្ទាំង ដែល​រក​ឃើញ​នៅ​គោបុរៈ​ខាង​កើត នៃ​បរិវេណ​កំផែង​ព្រះ​រាជវាំង​នោះ មាន​ភាព​ទ្រុឌទ្រោម​រេចរឹល និង​រលប់​បាត់​ជា​ច្រើន​អន្លើ មិន​អាច​ប្រមូល​ផ្ដុំ​បាន​ជា​អត្ថបទ​ពេញលេញ​បាន​ឡើង ។ តែ​ជា​ភ័ព្វ​សំណាង​ល្អ ក្រោយ​មក គេ​បាន​រក​ឃើញ​សិលា​ចារឹក​ដូច​គ្នា​នេះ ៗ ផ្ទាំង​ទៀត ដែល​មាន​ឃ្លា​ខ្លះ​នៅ​ល្អ អាច​យក​ទៅ​បំពេញ​ចំណែក​ខ្វះ​ចន្លោះ​នៃ​អត្ថបទ​សិលា​ចារឹក​ទាំង ៨ ខាង​ដើម ។ លោក អាយម៉ូនីញេ និង​លោក ហ៊្ស. សឺដែស បាន​ផ្គុំ​សិលា​ចារឹក​ទាំង ៩ ផ្ទាំង​នោះ ហើយ​ចងក្រង​អត្ថបទ​ដើម​បាន​ទាំង​ស្រុង​ឡើង​វិញ ។
នៅ​ខាង​ក្រោម​ពាក្យ​សម្បថ គេ​ឃើញ​មាន​បញ្ជី​រាយ​នាម​មន្ត្រី​រាជការ​ថ្នាក់​ទី ១ ទី ២ ទី ៣ និង​ទី ៤ ។ លោក អាយម៉ូនីញេ បាន​សរសេរ​ថា ឈ្មោះ​ដែល​មាន​ក្នុង​អត្ថបទ​ខាង​ក្រោយ​ពាក្យ​សម្បថ​ទាំង​នោះ ជា​នាម​របស់​ចៅហ្វាយ​ខែត្រ (ចៅហ្វាយ​ភូមិភាគ) ដែល​តាម​ការ​ប៉ាន់​ស្មាន​របស់​គាត់ ថា​មាន​រហូត​ដល់ ៤០០ នាក់ ។ គាត់​បាន​សន្និដ្ឋាន​ថា នៅ​ជំនាន់​នោះ ប្រទេស​កម្ពុជា​យើង​អាច​មាន​ខេត្ត​តូច ៗ ឬ​ភូមិភាគ​ចំនួន ៤០០ ដែរ ។
ប៉ុន្តែ លោក ហ៊្ស. សឺដែស ដែល​បាន​សិក្សា​សិលា​ចារឹក​ដដែល​នេះ នៅ​ពេល​ក្រោយ​មក បាត់​កត់​សំគាល់​ថា គាត់​បាន​រាប់​ឈ្មោះ​មន្ត្រី​ទាំង​នោះ​ទៅ ឃើញ​ថា​ចំនួន​សរុប​ទាំងអស់ គិត​ទាំង​ផ្នែក​រលុប​ផង​នោះ មាន​ប្រហែឬល​តែ ២០០ នាក់​ប៉ុណ្ណោះ ។
សិលា​ចារឹក​ទាំង ៨ ផ្ទាំង​នេះ សរសេរ​ជា​អក្សរ​ខ្មែរ​បុរាណ​រាង​មូល ហើយ​ច្បាស់ មាន​បន្ទាត់​ត្រង់​ស្មើ​ល្អ​ណាស់ និង​មាន​ទំហំ​ប៉ុន ៗ គ្នា ដែល​លោក​អាយម៉ូនីញេ​សន្និដ្ឋាន​ថា ទំនង​ជា​សរសេរ​ដោយ​ដៃ​អ្នក​ចារ​តែ​ម្នាក់​គត់ ។
ខាង​ក្រោយ​នេះ​គឺ អត្ថបទ​ពាក្យ​សម្បថ​ទាំង​ស្រុង ដែល​យើង​សរសេរ​ឡើង​វិញ តាម​លំនាំ​ខ្មែរ​បុរា ដោយ​ប្រើ​អក្សរ​ខ្មែរ​ទំនើប និង​អត្ថបទ​បកប្រែ ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន ។

 

អត្ថបទ​ប្រែ​ជា​ភាសា​ខ្មែរ​ទំនើប
មហា​សករាជ ៩៣៣, ប្រាំបួន​កើត ខែ​ភទ្របទ ថ្ងៃ​អាទិត្យ ។ នេះ​គឺ​ពាក្យ​សច្ចា​ប្រណិធាន (របស់​ទូល​ព្រះ​បង្គំ​ទាំងអស់​គ្នា) ។ (ទូល​បង្គំ) យើង (ខ្ញុំ) ទាំងអស់​គ្នា ជា​តម្រួត​របស់​ភាគ (តំបន់) ថ្នាក់​ឯក (ទោ – ត្រី – ចត្វា) នៅ​ពេល​ស្បថ (ទូល​បង្គំ) យើង (ខ្ញុំ) សូម​សច្ចា​កាត់​ដៃ ថ្វាយ​អាយុ និង​ថ្វាយ​នូវ​កតញ្ញូ​ភក្តីភាព​ដ៏​បរិសុទ្ធ ផូរផង់ ចំពោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច គ្រីសូយ៌្យវម៌្មទេវៈ (សូរ្យវរ្ម័ន​ទី ១) ដែល​បាន​សោយរាជ្យ​ជា​សកល នៅ​ឆ្នាំ ៩២៣ នៃ​មហា​សករាជ នៅ​ចំពោះ​មុខ​ព្រះ​ភ្លើង, ព្រះ​រតនៈ និង​ព្រាហ្មណាចារ្យ​ទាំងឡាយ ។ (ទូល​បង្គំ) យើង (ខ្ញុំ) មិន​បង្គំ (គោរព) គម្ដែង​ផ្ទៃ​ក្រោម​ដទៃ​ទៀត​ទេ (ក្រៅ​ពី​ព្រះ​អង្គ) ឡើយ ពុំ (ធ្វើ​ជា) ខ្មាំង និង​ពុំ​ចំណុះ​ខ្មាំង (ចូល​ដៃ សម​គំនិត​ជា​មួយ​ខ្មាំង​សត្រូវ) ពុំ​ធ្វើ​ប្រការ​អ្វី​ដែល​អាច​នឹង​នាំ​មក​នូវ​សេចក្ដី​វិនាស (ចំពោះ​ព្រះ​អង្គ) ឡើយ ។ រាល់​អំពើ​ផង​ទាំងឡាយ​ដែល​ជា​ផល​នៃ​ស្វាមី​ភក្ដីភាព​របស់ (ទូល​បង្គំ) យើង (ខ្ញុំ) ចំពោះ​ព្រះ​ករុណា​ព្រះ​បាទ គ្រីសូយ៌្យវម៌្មទេវៈ (ទូល​បង្គំ) យើង (ខ្ញុំ) នឹង​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​អោយ​បាន​សម្រេច ។ ទោះបី​មាន​ចម្បាំង (ទូល​បង្គំ) យើង (ខ្ញុំ) ប្ដេជ្ញា​ច្បាំង​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​ឥត​ស្ដាយ​អាយុ​ជីវិត​ឡើយ ។ ដោយ​ស្វាមី​ភក្ដីផាព (ចំពោះ​ព្រះ​រាជា) (ទូល​បង្គំ) យើង (ខ្ញុំ) មិន​រត់​ចោល​ចម្បាំង​ឡើយ ។ ទោះ​គ្មាន​ចម្បាំង ប្រសិន​បើ (ទូល​បង្គំ) យើង (ខ្ញុំ) ស្លាប់​ដោយសារ​ជំងឺ​បៀតបៀន គឺ​ថា សូម​អោយ (ទូល​បង្គំ) យើង (ខ្ញុំ)ទាំងអស់​គ្នា បាន​ទទួល​នូវ​ផល (រង្វាន់) ជា​អ្នក​មាន​កតញ្ញូ ភក្ដី ចំពោះ​អម្ចាស់​របស់​ខ្លួន ។ ប្រសិន​បើ​អាយុ​ជីវិត​របស់ (ទូល​បង្គំ) យើង (ខ្ញុំ) អាច​ទាន់​ព្រះ​រាជការ (អាច​បំរើ​ការងារ​រាជការ) តទៅ រហូត​ដល់​ពេល​ស្លាប់ (ក្នុង​មុខងារ) (ទូល​បង្គំ) យើង (ខ្ញុំ) នឹង​បំរើ​កិច្ចការ​នោះ ដោយ​ហេតុ​ថា (ទូល​បង្គំ) យើង (ខ្ញុំ) មាន​ស្វមីភ័ក្តិ (ចំពោះ​ព្រះ​រាជា) ។ ប្រសិន​បើ​មាន​ព្រះ​រាជការ ដែល​ព្រះ​មហា​ក្សត្រ (ទ្រង់​ត្រាស់) បន្ទូល​ប្រើ (ទូល​បង្គំ) យើង (ខ្ញុំ) ទៅ​ទី​ឆ្ងាយ ដោយសារ​មាន​ព្រឹត្តិការណ៍ ដែល​ព្រះ​រាជា​បាន​ឮ​គេ​និយាយ​នោះ (ទូល​បង្គំ) យើង (ខ្ញុំ) នឹង​រក​វិធី​ស្វែង​យល់​រឿង​នោះ​ឲ្យ​បាន​ល្អិតល្អន់ និង​ប្ដេជ្ញា​ធ្វើ​តាម​ពាក្យ​សច្ចា​ប្រណិធាន​របស់​ខ្លួន​អោយ​បាន​ ខ្ជាប់ខ្ជួន រឿង ៗ ខ្លួន ។ ប្រសិន​បើ​ក្នុង​ចំណោម (ទូល​បង្គំ) យើង (ខ្ញុំ) ទាំងអស់​គ្នា​នោះ មាន​អ្នក​មិន​ធ្វើ​តាម​ពាក្យ​សច្ចា​ប្រណិធាន​នេះ ចំពោះ​ព្រះ​មហា​ក្សត្រ ដែល​សោយរាជ្យ​ដ៏​យូរលង់ ក្រោយ ៗ ទៀត (ទូល​បង្គំ) យើង (ខ្ញុំ) សូម​ព្រះ​អង្គ​ដាក់​ព្រះ​រាជ​ទោស​ទណ្ឌ​គ្រប់​ប្រការ​ចុះ ។ ប្រសិន​បើ (ទូល​បង្គំ) យើង (ខ្ញុំ) មាន​ល្បិច​កល​មិន​គោរព​ខ្ជាប់ខ្ជួន​នូវ​ពាក្យ​សម្បថ​នេះ សូម​ឲ្យ (ទូល​បង្គំ) យើង (ខ្ញុំ) ធ្លាក់​ទៅ​កើត​ក្នុង​ឋាន​នរក​ទាំង ៣២ ជាន់ អស់​កាល​ដ៏​យូរ ដរាប​ណា​នៅ​មាន​ព្រះ​អាទិត្យ និង​ព្រះ​ចន្ទ ។ ប្រសិន​បើ (ទូល​បង្គំ) យើង (ខ្ញុំ) ទាំងអស់​គ្នា បំពេញ​បាន​ល្អ​បរិសុទ្ធ តាម​ពាក្យ​សច្ចា​ប្រណិធាន​នេះ សូម​ព្រះ​គម្ដែង​ផ្ទៃ​ក្រោម ទ្រង់​ព្រះ​មេត្តា​ព្រះ​រាជទាន (ប្រើ) អោយ (ទូល​បង្គំ) យើង (ខ្ញុំ) បាន​ថែទាំ​នូវ​ការ ស្ថាបនា​ជា​កុសល​របស់​ស្រុក​ទេស​យើង និង​ផ្ដល់​នូវ​ភាព​ស្ថិតស្ថេរ សម្បូរ រុងរឿង​នៃ​វង្ស​ត្រកូល​របស់ (ទូល​បង្គំ) យើង (ខ្ញុំ) ដោយ​ហេតុ​ថា (ទូល​បង្គំ) យើង (ខ្ញុំ) មាន​កតញ្ញូ ភក្ដី​ចំពោះ​ល្អងធូលី​ព្រះ​បាទ (គម្ដែង​ផ្ទៃ​ក្រោម) សម្ដេច​ព្រះ ស៌ូ្យវម៌្មទេវៈ ដែល​ព្រះ​អង្គ​ទ្រង់​បាន​សោយរាជ្យ​ជា​សកល នៅ​ឆ្នាំ ៩២៤ នៃ​មហា​សករាជ ។ សូម​អោយ​ផល (រង្វាន់) នៃ​អ្នក​មាន​ស្វាមីភ័ក្តិ​ចំពោះ​ព្រះ​រាជា ជា​អម្ចាស់​របស់​ខ្លួន កើត​មាន​ដល់ (ទូល​បង្គំ) យើង (ខ្ញុំ) ចាប់​ពី​លោក​នេះ រហូត​ដល់​បរលោក ។

 

យី ធន់
សេចក្ដី​បញ្ជាក់​របស់​អ្នក​បកប្រែ
សេចក្ដី​ប្រែ​ជា​ភាសា​ខ្មែរ​ទំនើប​នេះ ជា​ការ​សម្រួល​តាម​អត្ថបទ​ជា​ភាសា​ខ្មែរ​បុរាណ​ផង និង​តាម​អត្ថបទ​ប្រែ​របស់​លោក ហ៊្ស. សឺដែស ផង ។ ការ​បន្លែម​ពាក្យ​ខ្លះ ធ្វើ​អោយ​ឃ្លា​ខ្លះ​ឃ្លាត​ឆ្ងាយ​ពី​អត្ថបទ​បុរាណ ប៉ុន្តែ​យើង​ខិតខំ​ថែរក្សា​ន័យ​របស់​ឃ្លា​អោយ​នៅ​ដដែល ដោយ​គ្រាន់​តែ​សម្រួល​អោយ​អ្នក​អាន​យល់​បាន​ដោយ​ងាយ​ប៉ុណ្ណោះ ។

អំពី​ដើម​កំណើត​សករាជ

អំពី​ដើម​កំណើត​សករាជ
ឃុនបណ្ណានុរ័ក្ស ប៊ូ – ប៉ូ នៅ​ពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង

បរិយា​ដើម
មនុស្ស​ក្នុង​សាកលលោក​គ្រប់​ជាតិ​គ្រប់​សាសន៍ សុទ្ធសឹង​តែ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ទាំងអស់​គ្នា គ្មាន​អ្នក​ណា​នៅ​ស្ងៀម​ឡើយ ព្រោះ​ធម្មតា​លោក​បង្គាប់​ឲ្យ​ធ្វើ ។ ឯ​កិច្ចការ​របស់​អ្នក​ស្រុក​ទាំងអស់​នោះ ដែល​នឹង​ចំរើន​កើន​ឡើង​តាម​លំដាប់​ទៅ​បាន ដោយ​សារ​តែ​មាន​ពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំ ជា​គ្រឿង​កត់​សំគាល់ ដូច​មាន​ពេល​ព្រឹក – ល្ងាច – ថ្ងៃ – យប់ ជាដើម ។ សូម្បី​ការ​សរសេរ​សំបុត្រ​ស្នាម​ទៅ​មក​រក​គ្នា ក៏​ត្រូវ​ចុះ​ថ្ងៃ – ខែ – ឆ្នាំ​ខាន​មិន​បាន​ដែរ ។ ហេតុ​នេះ ការ​ចេះ​ចាំ​ថ្ងៃ – ខែ – ឆ្នាំ មាន​ប្រយោជន៍​ជា​ច្រើន​យ៉ាង ។ បើ​ប្រទេស​ណា​មិន​ប្រើ​ពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំ​ទេ ប្រទេស​នោះ​នឹង​ធ្វើ​ការ​អ្វី ៗ ឥត​កម្រិត ឥត​របរ ឥត​ក្របខ័ណ្ឌ ឥត​របៀប មិន​រៀបរយ នាំ​ឲ្យ​ការងារ​ទាំង​នោះ​ច្របូក​ច្របល់​រសេម​រសាម គឺ​ធ្វើ​ការ​ព្រឹក​ជា​ល្ងាច ៗ ជា​ព្រឹក, ខែ​នេះ​ជា​ខែ​នោះ, ឆ្នាំ​នេះ​ជា​ឆ្នាំ​នោះ ចំណាំ​បាន​ច្បាស់​ប្រាកដ​តែ​រដូវ​ថា រដូវ​ភ្លៀង, រដូវ​រាំង, រដូវ​ទឹក​ឡើង, រដូវ​ទឹក​ស្រក នឹង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ជាដើម ។ ពុំនោះ​សោត គេ​ទុកដាក់​នូវ​មនុស្ស​ពួក​នោះ ថា​ជា​មនុស្ស​ល្ងង់​ខ្លៅ តួ​យ៉ាង​ដូចជា​មិលក្ខៈ គឺ​មនុស្ស​ព្រៃ, មនុស្ស​ព្នង ដែល​អាស្រ័យ​នៅ​ក្នុង​កោះ​តូច​តាច ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ ឬ​អាស្រ័យ​ជ្រក​នៅ​ក្នុង​ព្រៃ​ជ្រៅ​ជាយ​កៀន​កោះ ជា​ចន្លោះ​ប្រទេស​របស់​គេ, មនុស្ស​ចំពូក​នេះ​ប្រើ​តែ​គំនូស​ជំនួស​អក្សរ តាំង​ពីរ​កើត​ទល់​គ្នា​នឹង​ស្លាប់​ទៅ​វិញ ពុំ​ដែល​បាន​ស្គាល់​នូវ​រសជាតិ​នៃ​អារ្យធម៌​នឹង​គេ​សោះ ។ ហេតុ​ដូច្នោះ បាន​ជា​លោក​អ្នក​ប្រាជ្ញ​ជាន់​ដើម​កំណត់​ឲ្យ​ប្រើ​ពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំ ហៅ​ថា “សករាជ” ជា​គ្រឿង​ចំណាំ ។
ឯ​សករាជ​ដែល​គេ​និយម​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ មាន ៤ យ៉ាង​គឺ ១- ពុទ្ធសករាជ, ២- គ្រិស្តសករាជ, ៣- មហា​សករាជ, ៤- ចុល្លសករាជ ។ ឯ​សករាជ​ទាំង ៤ យ៉ាង​នេះ​គេ​រៀបរៀង​តាម​លំដាប់​ដែល​កើត​មិន កើត​ក្រោយ ដូច​តទៅ​នេះ គឺ
១- ពុទ្ធសករាជ កើត​មុន​សករាជ ទាំង ៣,
២- គ្រិស្តសករាជ កើត​ក្រោយ ព. ស. ៥៤៣ ឆ្នាំ,
៣- មហា​សករាជ -ដ- -ដ- ៦២១ -ដ-,
៣- ចុល្លសករាជ -ដ- -ដ- ១.១៨១ -ដ- ។
អធិប្បាយ​អំពី​សករាជ​ទាំង ៤ តាម​លំដាប់​គ្នា
ពុទ្ធសករាជ .- ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៦២៩ ប្រាប់​ថា ពុទ្ធសករាជ គេ​កំណត់​រាប់​ចំនួន​ថ្ងៃ​ខែ​ឆ្នាំ តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក ។ ព្រះ​សក្យមុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥ កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់, រាប់​ពី​ត្រឹម​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំ​នោះ​មក ជា​ពុទ្ធសករាជ ។
ការ​រាប់​ពុទ្ធសករាជ ជា​ការ​កំណត់​ថ្ងៃ​ខែ​ឆ្នាំ​របស់​ពួក​ពុទ្ធសាសនិកជន សម្រាប់​ប្រើ​ខាង​សាសនា ដែល​ហៅ​ថា “បក​សករាជ” ។ របៀប​នេះ រាប់​យក​ចំណែក​ខាង​រនោច​ខែ​មួយ​មុន​មក​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា ១ ខែ គឺ​ត្រូវ​រាប់​ពី​ថ្ងៃ ១ រោច ខែ​ពិសាខ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ជេស្ឋ ជា ១ ខែ ។ល។ ពី​ថ្ងៃ ១ រោច ខែ​ចេត្រ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ពិសាខ ជា ១ ខែ (ពេញ​ជា ១ ឆ្នាំ) រាប់​យ៉ាង​នេះ​រៀងរាល់​ឆ្នាំ, បើ​រាប់​ពី​លើ​មក​ដល់​ត្រឹម​ណា ត្រូវ​ទុក​ថ្ងៃ​ខែ​នោះ​ជា​បច្ចុប្បន្នកាល មិន​ទាន់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅ​ហើយ​ទេ, ដូចជា​កាល​ពី​ក្នុង​ថ្ងៃ ១៥ រោច ខែ​ស្រាពណ៍ ឆ្នាំ​មមី បន្ទាប់​ឆ្នាំ​ពុទ្ធ​បរិនិព្វាន ត្រូវ​រាប់​ថា ពុទ្ធសករាជ​កន្លង​ទៅ​ហើយ​បាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លង​ទៅ​ហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​ត្រឹម​ប៉ុណ្ណោះ), តែ​បើ​ប្រើ​ខាង​ការ​សរសេរ​សំបុត្រ​ចុតហ្មាយ កត់ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ទាំង​ពួង ឬ​និយាយ​ស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំ​មមី​ដែល​ចូល​ក្នុង​រវាង​ឆ្នាំ​ គំរប់ ២ នុ៎ះ​ឯង​ថា ពុទ្ធសករាជ ២ ឆ្នាំ ឬ​ពុទ្ធសករាជ ២, បើ​ប្រើ​អក្សរ​សង្ខេប​ត្រូវ​ប្រើ​អក្សរ​ជា ព. ស. ២ ។
ពុទ្ធសករាជ​នេះ ចាប់​ផ្ដើម​កើត​មាន​ឡើង​ជា​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌៀ ដោយ​ពួក​ពុទ្ធបរិស័ទ​មាន​ព្រះ​សង្ឃ​ជាដើម​ក្នុង​ប្រទេស​នោះ​កំណត់​ឲ្យ​ប្រើ​ ឡើង ចាប់​រាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​ទៅ ​បាន ១ ថ្ងៃ គឺ​កំណត់​រាប់​តាំង​ពី​ត្រឹម​ថ្ងៃ​ពុទញធ ១ រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់​នោះ​មក ឲ្យ​ឈ្មោះ​ថា​ជា​ពុទ្ធសករាជ ដោយ​មាន​ថ្ងៃ​បរិនិព្វាន​នៃ​ព្រះ​ពុទ្ធ​ជា​គោល​ចារិក, ហើយ​ត​មក​ក្នុង​ប្រទេស​នានា ដែល​ជា​ប្រទេស​កាន់​ព្រះ​ពុទ្ធសាសនា ដូច​ប្រទេស​ខ្មែរ​ជាដើម ក៏​និយម​ប្រើត ៗ គ្នា​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។
ឯ​ប្រទេស​ឥណ្ឌៀ កាល​ពី​សម័យ​មុន ដែល​ពុំ​ទាន់​មាន​ពុទ្ធសករាជ​នៅ​ឡើយ គេ​និយម​ប្រើ​បុរាណ​សករាជ គឺ​សករាជ​ខាង​សាសនា​ព្រាហ្មណ៍​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ។ លុះ​ដល់​មាន​ពុទ្ធសករាជ ប្រទេស​ឥណ្ឌៀ ក៏​ចាប់​ប្រើ​ពុទ្ធសករាជ​ជាប់​ឡើង ។ ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ប្រទេស​ឥណ្ឌៀ​ឈប់​ប្រើ​ពុទ្ធសករាជ​ទៅ​ហើយ, តែ​គេ​ប្រើ​សករាជ​អ្វី​យើង​មិន​បាច់​និយាយ ។
គ្រិស្តសករាជ .- ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ៧៩៧ ប្រាប់​ថា គ្រិស្តសករាជ​នេះ គេ​បង្កើត​ឡើង​តាម​នាម​នឹង​ពង្សាវតា​នៃ​សាស្ដា​ម្នាក់​ឈ្មោះ ហ្ស៊េហ្ស៊ុយ ឬហ្ស៊េហ្ស៊ុយ – គ្រិស្ត (Jésus ou Jésus – Christ) ជា​អ្នក​បង្កើត​លទ្ធិ ឬ​សាសនា​មួយ ហៅ​ថា​សាសនា​គ្រិស្ត (Religion Chretienne) ក្នុង​កាល​សតវត្សរ៍​ទី ៦ នៃ​ពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិត​មែន​តែ​ព្រះ​ហ្ស៊េហ្ស៊ុយ – គ្រិស្ត ទទួល​មរណភាព​ក្នុង ព. ស. ៥៧៦ ក្នុង​អាយុ​គំរប់ ៣៣ ឆ្នាំ តែ​គេ​បាន​តាំង​សករាជ​នោះ​គិត​ពី​ថ្ងៃ​ដែល​សាស្តា​នេះ​កើត គឺ​ក្នុង ព. ស. ៥៤៣ ហៅ​ថា គ្រិស្តសករាជ សរសេរ​អក្សរ​សង្ខេប​ថា គ. ស. គឺ​សករាជ​ដែល​គេ​និយម​ប្រើ​ក្នុង​ប្រទេស​អឺរុប​នឹង​ប្រទេស​អាស៊ី​ដោយ​ច្រើន ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ។
មហា​សករាជ .- ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៧២២ នឹង​ភាគ​ទី ទំព័រ ១០៨១ ប្រាប់​ថា ស័ក ប្រែ​ថា “កាល”, សម័យ​យុគ …,” រាជ ប្រែ​ថា “ស្ដេច” ។ ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក​ដោយ​មាន​បុគ្គល​អស្ចារ្យ ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​ប្រើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀងរាល់​ឆ្នាំ ហៅ​ថា “សករាជ” ៗ នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក​ហៅ​ថា ពួក​តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌៀ ក្នុង​កាល ព. ស. ៦២១ ន្នាំ ។ កាល​ជន​ពួក​នេះ​មាន​ជ័យជំនះ​ក្នុង​ការ​លុកលុយ​ចូល​មក​វាត​អំណាច​ក្នុង​ ប្រទេស​ឥណ្ឌៀ​ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រ​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ ឬសាលិវាហនៈ, ហើយ​ក៏​ចាប់​ផ្ដើម​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ថា “ស័ក ឬ​សការជ” ដែល​ចំណេរ​ត​មក ហៅ​ថា “មហា​សករាជ” ប្រែ​ថា “សករាជ​ធំ” នេះ​កើត​មុន​ចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់​មាន​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​តាំង​ពី​រវាង​សតវត្សរ៍​ទី​១០ នៃ​ពុទ្ធសករាជ (ព. ស. ៩២១) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រើ​អក្សរ​សង្ខេប​ថា ម. ស.1។
មហា​សករាជ ប្រាកដ​ជា​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌៀ​ជា​ដំបូង​ក្នុង ព. ស. ៦២១ ឆ្នាំ អំពី​ជន​ពួក​មួយ ដែល​មាន​រៀបរាប់​ខាង​លើ​នេះ, មិន​មែន​កើត​ឡើង​ជា​ដំបូង​នៅ​ប្រទេស​ខ្មែរ​ដោយ​ព្រះ​កេតុមាលា​តាំង​ឡើង​ ក្នុង ព. ស. ៦២១ នោះ​ទេ ។
ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ ភាគ​ទី ២ ថា ព្រះ​កេតុមាលា​កាល​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ក្នុង ព. ស. ៦២១ ឆ្នាំ​មែន ជា​មួយ​នឹង​ឆ្នាំ​ដែល​ប្រទេស​ឥណ្ឌៀ​បង្កើត​ឲ្យ​ប្រើ​មហា​សករាជ, ប៉ុន្តែ​ទ្រង់​ពុំ​ទាន់​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ ក្នុង​ឆ្នាំ​នោះ​នៅ​ឡើយ​ទេ ។ លុះ​ដល់​មក ព. ស. ៦២៣ ឆ្នាំ ព្រះ​កេតុមាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រាភិសេក​ជា​ថ្មី ក៏​តាំង​ជា​មហា​សករាជ​ដរាប​មក ។ (ត្រង់​នេះ​ហើយ​ប្រហែល​ជា ព្រះ​កេតុមាលា​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ តាម​ប្រទេស​ឥណ្ឌៀ ហើយ​គេ​និយម​ថា ព្រះ​កេតុមាលា​ផ្ដើម​បង្កើត​មហា​សករាជ ជា​ប្រឋម​នៅ​ប្រទេស​ខ្មែរ) ។
ចុល្លសករាជ .- ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ១៥២ ប្រាប់​ថា ចុល្លសករាជ ប្រែ​ថា “សករាជ​តូច” ៗ នេះ​ចាប់​ផ្ដើម​តាំង​ឡើង​នៅ​ថ្ងៃ​ចន្ទ​១២ កើត ខែ​ចែត្រ ឆ្នាំ​កុរ​ឯកស័ក ព. ស. ១.១៨១​។
ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ១.០៨១ ប្រាប់​ថា ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា​ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុលាមា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល ព. ស. ៦២១ ។ ព្រះ​បាទ​សម្ដេច​សន្ធិព​អមរិន្ទ​បរម​ព្រហ្មកិល (ពញាក្រែក) បាន​តាំង​ចុល្លសករាជ ១ ក្នុង​កាល ព. ស. ១.១៨១ ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ​នៅ​នគរ​ធំ ។
ក្នុង​ច្បាប់​រាជ​ពង្សាវតារ​ក្រុង​កម្ពុជាធិបតី​ខ្សែ ២ ប្រាប់​ថា គ. ស. ៦៣៩ ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយាវង្ស ស្ដេច​តាំង​ឲ្យ​មាន​ជា​ចុល្លសករាជ​ឡើង​រាប់ ១ រៀង​មក ។
ក្នុង​ច្បាប់​ប្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា ដែល​លោក​ទេពពិទូរ ឈឹម – ក្រសេម បាន​រួបរួម​ឡើង​ជា​ថ្មី​ថា ក្សត្រ​មន​បាន​តាំង​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​មន​នោះ​ក៏​បាន ។ បើ​នឹង​យល់​ថា ក្សត្រ​ខ្មែរ បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​ខ្មែរ​ក៏​បាន​ដែរ ។ ប៉ុន្តែ ត្រូវ​យល់​ថា មាន​តែ​ព្រះ​បាទ​ជយវរ្ម័ន​ទី ១ 2 ទ្រង់​បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ ក្នុង ព. ស. ១.១៨១ នេះ ឃើញ​គួរ​ជាង ព្រោះ​ក្សត្រ​អង្គ​នេះ​សោយរាជ្យ​នៅ​នគរ​វត្ត ហើយ​បាន​តាំង​ប្រើ​ចុល្លសករាជ​ដរាប​មក (ដែល​ថា​យ៉ាង​នេះ​ដោយ​អាង​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ដែល​លោក​ទេពពិទូរ ឈឹម – ក្រសេម រួបរួម​ជាន់​ក្រោយ) ។
ការ​ប្រើ​សករាជ .- ក្នុង​ប្រទេស​កម្ពុជា​ប្រើ​សករាជ ៤ យ៉ាង​ គឺ ពុទ្ធសករាជ, មហា​សករាជ, ចុល្លសករាជ នឹង​គ្រិស្តសករាជ ។
ឯ​ពុទ្ធសករាជ នឹង​មហា​សករាជ ប្រាកដ​ជា​មាន​ដើម​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌៀ ដោយ​សារ​ជន​ជាតិ​ឥណ្ឌៀ​សាយ​ភាយ​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ​យើង​ផង បាន​ជា​ខ្មែរ​យើង​ចាប់​និយម​ប្រើ​ពុទ្ធសករាជ នឹង​មហា​សករាជ​ខ្លះ តាម​អារ្យធម៌​ឥណ្ឌៀ​តាំង​ពី​សម័យ​នោះ​មក ។
តែ​កាល​ពី​សម័យ​នគរភ្នំ​ជា​ដំបូង រហូត​មក​ទល់​គ្នា​នឹង​សម័យ​នគរ​ធំ ជនជាតិ​ខ្មែរ​ពុំ​ទាន់​បាន​ប្រើ​ពុទ្ធសករាជ​នឹង​ចុល្លសករាជ​ជា​ផ្លូវ​ការ​នៅ ​ឡើយ​ទេ ប្រើ​តែ​មហា​សករាជ​មួយ​យ៉ាង​ប៉ុណ្ណោះ លុះ​មក​ដល់​ខាង​ចុង​សម័យ​នគរ​ធំ ទើប​មាន​ប្រើ​ចុល្លសករាជ​ផង​ជា​ផ្លូវ​ការ រួម​ជា​មួយ​ពុទ្ធសករាជ នឹង​មហា​សករាជ រឿង​នេះ​ដឹង​បាន​ដោយ​សារ​មាន​សិលា​ចារិក​ជា​ភស្ដុតាង ។
ចំណែក​គ្រិស្តសករាជ ចាប់​ផ្ដើម​ប្រើ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​រជ្ជកាល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា​ឥស្សរាធិបតី (ព្រះ​អង្គ​ដួង) គឺ​តាំង​ពី ព. ស. ២.៣៩១ គ. ស. ១.៨៤៧ រៀង​មក ដោយ​សារ​ប្រទេស​បារាំងសែស នឹង​ប្រទេស​កម្ពុជា មាន​ការ​ទាក់ទង​គ្នា​តាំង​ពី​សម័យ​នោះ​មក ។
ការ​រៀបរៀង​អត្ថបទ​សករាជ​ដូច​ខាង​លើ​នេះ ឃើញ​ថា​ត្រឹមត្រូវ​ល្មម​ទុក​ជា​គតិ​ទៅ​អនាគត​បាន ដោយ​មាន​ក្បួន​តម្រា​ជា​ភស្ដុតាង​គ្រប់​សករាជ, ប៉ុន្តែ បើ​ពិនិត្យ​អំពី​ការ​ប្រើ​សករាជ​នៅ​ប្រទេស​ខ្មែរ​យើង ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ជា​ផ្លូវ​ការ​ក្ដី ជា​សាធារណៈ​ក្ដី ឃើញ​ច្រើន​តែ​ប្រើ​គ្រិស្តសករាជ​ពុំ​សូវ​មាន​ប្រើ​ពុទ្ធសករាជ​ឡើយ ។
ហេតុ​នេះ ក្នុង​សម័យ​នេះ គួរ​លើក​យក​ពុទ្ធសករាជ​មក​ចុះ​ប្រើ​ជា​ផ្លូវ​ការ នឹង​ប្រើ​ជា​សាធារណៈ​ទុក​ជា​សរណៈ​ដល់​ពុទ្ធសករាជ, នេះ​ឃើញ​ថា​ជា​ទី​សមរម្យ​ដល់​ប្រទេស​កាន់​ពុទ្ធសាសនា ដូចជា​ប្រទេស​ថៃ​ជាដើម ។

តាមដាន

Get every new post delivered to your Inbox.